(កំពង់ចាម)៖ កម្លាំងនគរបាលខេត្តកំពង់ចាម បាននិងកំពុងធ្វើការស្រាវជ្រាវ តាមចាប់ខ្លួន ជនឆបោកម្នាក់ដែលបានយកឈ្មោះ នាយការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម លោក គឹម ឈីន ដើម្បីទៅរត់ការចូលក្របខណ្ឌជាមន្រ្តីនគរបាលជាតិ ដោយបង់លុយចំនួន១២០០ដុល្លារ។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះថា «យើងកំពុងតាមចាប់ខ្លួនបុរសម្នាក់ ក្រោយពីបានយកឈ្មោះ លោក គឹម ឈីន ប្រធានការិយាល័យបុគ្គលិក តេទៅមេប៉ុស្តិ៍ស្រង៉ែ ស្រុកព្រៃឈរ ឲ្យស្វែងរកមនុស្ស ដែលចង់ចូលបម្រើជាមន្រ្តីនគរបាលជាតិ ដោយបង់លុយត្រឹមតែ១២០០ដុល្លារប៉ុណ្ណោះ»។
លោកឧត្តមសេនីយ៍ស្នងការ បានបន្តទៀតថា លេខទូរស័ព្ទរបស់ជនឆបោករូបនេះ គឺ 097 605 17 67 ដោយធានាអាចចូលក្របខណ្ឌបានយ៉ាងពិតប្រាកដ។
សូមបញ្ជាក់ថា សូមជម្រាបថា ក្រសួងមហាផ្ទៃបានប្រកាសប្រឡងជ្រើសរើស សិស្សនិស្សិតឲ្យចូលបម្រើការងារជាមន្ត្រីនគរបាលជាតិ ចំនួន៦២៤កន្លែង សម្រាប់ឆ្នាំ២០១៦។ សិស្ស និស្សិត ដែលជ្រើសរើសត្រូវយកទៅ បម្រើការងារលើមុខជំនាញ និងឯកទេសផ្សេងៗគ្នារួមមាន៖ ជំនាញព័ត៌មានវិទ្យា, ជំនាញស្ថាបត្យកម្ម, ជំនាញសុខាភិបាល, ជំនាញច្បាប់, ជំនាញគណនេយ្យ និងហិរញ្ញវត្ថុ, ជំនាញភាសាបរទេស, ជំនាញបើកបរ ជួសជុល ឆ្លាក់ត្រា, ជំនាញការពារ និងអង្គរក្ស។
ពាក្យប្រឡងនឹងចាប់ផ្តើមផ្តល់ ជូនពីថ្ងៃទី០៥ ដល់ថ្ងៃទី៣០ ខែកក្កដា ហើយចាប់ផ្តើមទទួលពាក្យប្រឡងវិញ ចាប់ពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦។
សូមស្តាប់សំឡេងរបស់ជនឆបោក ដែលទូរស័ព្ទទៅមេប៉ុស្តិ៍ស្រង៉ែ ស្រុកព្រៃឈរ៖