(បាត់ដំបង)៖ សមាជិកជាន់ខ្ពស់របស់គណបក្សភ្លើងទៀនក្នុងស្រុកសំឡូត ខេត្តបាត់ដំបង​ម្នាក់ទៀត ត្រូវបានបញ្ចូលជាសមាជិកបក្សប្រជាជនកម្ពុជាក្នុងខេត្តបាត់ដំបង តាមការ​ស្នើ​សុំ។

លោក ឃី ឧត្តម លេខាធិការគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន​ស្រុកសំឡូត និងជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន​ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង បានប្រកាសដើរចេញពីបក្សភ្លើងទៀន ហើយសុំចូលរួមជីវភាពនយោបាយ ជាមួយបក្សប្រជាជនកម្ពុជា។

តាមរយៈការស្នើសុំនេះ គណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានស្វាកមន៍ដោយក្តីរីក​រាយ។ លោក អ៊ុយ រី ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្ស​ប្រជា​ជន​កម្ពុជា ខេត្តបាត់ដំបង បានអញ្ជើញប្រគល់សេចក្តីសម្រេចរបស់បក្សទទួលស្គាល់​លោក ឃី ឧត្តម ជាសមាជិកបក្សប្រជាជនកម្ពុជានៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣​នេះ។

លោក អ៊ុយ រី បានចាត់ទុកការសម្រេចចិត្តរបស់លោក ឃី ឧត្តម គឺជាការសម្រេចចិត្តមួយ​ដ៏ត្រឹមត្រូវ ដើម្បីចូលរួមកសាងសង្គមកម្ពុជា ក្រោមមាគ៌ាដឹកនាំរបស់បក្សប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា ការបញ្ចូលលោក ឃី ឧត្តម ទៅជាសមាជិកបក្សប្រជាជនកម្ពុជា ធ្វើឡើងតាមការស្នើសុំរបស់លោកផ្ទាល់តែម្តង។

លោក ឃី ឧត្តម នៅព្រឹកថ្ងៃទី៣០ ខែឧសភា បានធ្វើវីដេអូគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា។

ក្នុងវីដេអូនោះ លោក ឃី ឧត្តម បានបង្ហាញការយល់ឃើញរបស់ខ្លួនថា មានតែគណបក្ស​ប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលមានឆន្ទៈ មនសិកា និងសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំ កសាងសង្គមកម្ពុជា។

លោក ឃី ឧត្តម ក៏បានអំពាវនាវដល់សមាជិក សមាជិកាបក្សភ្លើងទៀនក្នុងស្រុកសំឡូត​ដទៃ​ទៀត ឱ្យដើរចេញពីបក្សភ្លើងទៀន ហើយចូលរួមធ្វើសកម្មភាពនយោបាយជាមួយបក្ស​ប្រជានកម្ពុជា ដើម្បីមានឱកាសចូលរួមកសាងសង្គមជាតិ៕