(ភ្នំពេញ)៖ លើដងវិថីឆ្ពោះទៅកាន់ខេត្តបាត់ដំបងនាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានឆ្លៀតចូលជួបសួរសុខទុក្ខ និង សំណេះសំណាល ជាមួយប្រជាអាជីវករនៅក្នុងផ្សារសាមគ្គីក្រគរ ក្នុងស្រុកក្រគរ ខេត្តពោធិ៍ សាត់ និងលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សនៅអនុវិទ្យាល័យមោងឬស្សី ស្ថិតក្នុងស្រុកមោងឬស្សី ខេត្តបាត់ដំបង។
ដំណើរចុះជួបក្រុមអាជីវករនៅក្នុងផ្សារសាមគ្គីរបស់សម្តេចតេជោ ហ៊ុន សែន ក្រុមអាជីវករ បានបង្ហាញក្តីរំភើបរីករាយ និង ភ្ញាក់ផ្អើលខ្លាំង ហើយក្រុមអាជីវករ ខ្លះបានរត់ឱប និងបានថតរូប Selfie ជាមួយសម្តេចផងដែរ។ ក្រៅពីការសួរសុខទុក្ខ និងសំណេះសំណាលជា មួយក្រុមអាជីវករហើយនោះ សម្តេចតេជោ ក៏បានអង្គុយហូបគុយទាវក្នុងផ្សារយ៉ាងសាមញ្ញ។
សាមញ្ញភាពរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល បាននាំឲ្យក្រុមអាជីវករ គោរពកោតសរសើរយ៉ាងខ្លាំងណាស់ផងដែរ។
បន្ទាប់ពីចូលសួរសុខទុក្ខក្រុមអាជីវករ ប្រកបដោយភាពសប្បាយរីករាយរួចហើយ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្ពោះដំណើរទៅជួប លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅអនុវិទ្យាល័យមោងឬស្សី ស្ថិតនៅក្នុងស្រុកមោងឬស្សី ខេត្តបាត់ដំបង។ ក្នុងជំនួប ដ៏កម្រនេះ លោក គ្រូ អ្នកគ្រូ និងសិស្សានុសិស្ស បានរត់ឱបប្រមុខដឹកនាំរាជរដ្ឋាភិបាល ដោយក្តីគោរពស្រឡាញ់ និងរំភើបរីករាយផងដែរ។
លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក៏បានដណ្តើមគ្នាថតរូប Selfie ជាមួយសម្តេច ដោយទឹកមុខញញឹមញញែមនិងរីករាយ។
ទន្ទឹមនិងផ្តល់ភាពភ្ញាក់ផ្អើល និងរីករាយតាមជំនួបដោយផ្ទាល់ និងលើកដំបូង ដល់គ្រូៗ និងសិស្សក្នុងអនុវិទ្យាល័យមោងឬស្សីហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផ្តល់អាគារសិក្សាសម្រាប់សិស្សក្នុងអនុវិទ្យាល័យមោងឬស្សីផងដែរ ដែលនាំឲ្យគ្រូៗ និងសិស្សកាន់ តែរីករាយថែមមួយកម្រិតទៀត ត្បិតអគារសិក្សារបស់ពួកគេ នាពេលបច្ចុប្បន្នកំពុងជួបសភាពទ្រុឌទ្រោម។
សម្តេចតេជោ បានបញ្ជាក់ថា សម្តេចពិតជារីករាយ ពេលបានជួបក្រុមអាជីវករ និងសិស្សានុសិស្ស។ សម្តេចតេជោ បានថ្លែងបញ្ជាក់ដូច្នេះ «ខ្ញុំពិតជារីករាយនៅ ពេលដែលបានជួបពួកគេ ជាពិសេសនៅពេលដែលឃើញវិស័យអប់រំនៅតាមទីជនបទកំពុងមានការរីកលូតលាស់ និងមើលឃើញពីការខិតខំប្រឹងប្រែង រៀនសូត្ររបស់ពួកគេ និងតម្រូវការចាំបាច់បន្ថែមនូវអាគារ សម្រាប់សិក្សានោះ ខ្ញុំសម្រេចផ្តល់អគារសិក្សាចំនួន០១ខ្នង ២ជាន់ ស្មើនឹង ១២បន្ទប់បន្ថែមទៀត ជូនដល់សិស្សានុសិស្ស នៃអនុវិទ្យាល័យមោងឬស្សី ក្នុងការបម្រើដល់វិស័យអប់រំនៅទីនេះ»។
សម្តេចនាយករដ្ឋមន្រ្តី នៃកម្ពុជា ក៏បានផ្តាំផ្ញើឲ្យសិស្សៗ ខិតខំរៀនសូត្រ ដើម្បីក្លាយជាសរសរទ្រូងដ៏រឹងមុំា របស់ប្រទេសជាតិ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរឆ្ពោះទៅកាន់ខេត្តបាត់ដំបង ជាទីកន្លែង ដែលសម្តេចនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ប្រព័ន្ធចម្រោះទឹកស្អាត ជូនប្រជាពលរដ្ឋខេត្តបាត់ដំបងនៅថ្ងៃទី២១ ខែកក្កដា ស្អែកនេះ។
សូមបញ្ជាក់ថា ខេត្តបាត់ដំបង គឺជាតំបន់សមរភូមិប្រយុទ្ធដ៏ក្តៅគគុកមួយក្នុងសម័យសង្រ្គាម តែក្រោមនយោបាយឈ្នះឈ្នះ រហូតបញ្ចប់សង្រ្គាមទាំងស្រុង នៅឆ្នាំ១៩៩៨នោះ ខេត្តមួយនេះកំពុងមានសន្ទុះរីកចម្រើនខ្លាំងណាស់ផងដែរ ក្នុងនាមជាខេត្តជង្រុកស្រូវនៅកម្ពុជា៕