(ត្បូងឃ្មុំ)៖​ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន៣ឃុំ គឺឃុំសេដា ឃុំគោកស្រុក និងឃុំត្រពាំងព្រីង ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំចំនួន ១៦៨គ្រួសារ បានទទួលអំណោយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានសាខាកាកបាទ ក្រហមកម្ពុជាខេត្ត និង លោក ស៊ាក ឡេង អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅបរិវេណវត្តសេដាសែនជ័យ ហៅវត្តសេដា ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

នាឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ នាំនូវប្រសាសន៍ផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយនោះឡើយ ដោយមិនដែលទុកចោលឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀងអាហារ និងមានការដោះស្រាយអ្វីឡើយ ស្របតាមទិសស្លោក «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» ទៅដល់ជានិច្ច។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ សូមថ្លែងអំគុណអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ដែលតែងតែយកចិត្តទុកដាក់ពីសុខទុករបស់បងប្អូនប្រជាពលរដ្ឋ និងបានរាយការណ៍ជូនដល់ថ្នាក់ដឹកនាំខេត្ត ដើម្បីអោយដោះស្រាយការលំបាកជូនបានទាន់ពេលវេលាហើយឆាប់រហ័ស។

លោកបណ្ឌិត អភិបាលខេត្ត បន្តថា ប្រទេសជាតិ មានសន្តិភាព ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ធ្វើអោយមានការអភិវឌ្ឍន៍ទាំងវិស័យពុទ្ធចក្រ និង អាណាចក្រ មានការរីកចម្រើនមកដល់ពេលបច្ចប្បន្ននេះ អរគុណសន្តិភាព និងសូមអញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ជូនសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅអាណត្តិបន្តបន្ទាប់ និងសូមគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខជនបន្តវេណ ដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិបន្ថែមទៀត។

ជាមួយគ្នានោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានអំពាវនាវដល់បងប្អូនទាំងអស់សូមបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ ដុសជំរុញអោយបានគ្រប់ៗគ្នា និងបន្តអនុវត្តអោយបានខ្ជាប់ខ្ជួន វិធានសុខាភិបាល ”៣ការពារ ៣កុំ” និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ផងដែរ ចំពោះគ្រោះមហន្តរាយផ្សេងៗ ដែលអាចកើតមានពិសេសគ្រោះអគ្គិភ័យ អាចបណ្តាលឱ្យបាត់បង់ទ្រព្យសម្បត្តិ និងលំនៅដ្ឋានប្រសិនបើមានការធ្វេសប្រហែសណាមួយកើតឡើង។

បើតាមលោក វង វ៉ាន់នី នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រគេនស៊ីម៉ងត៍១០តោន ជូនដល់វត្តសេដាសែនជ័យ សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធវត្ត និងនាំយកអំណោយមនុស្សធម៍ចែកជូនគ្រួសារក្រីក្របំផុតចំនួន១៦៨គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ២៥គីឡូក្រាម, ត្រីខ១យូ, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ១យួរ មី១កេស និងថវិកាមួយចំនួនផងដែរ៕