(ព្រះសីហនុ)៖ កម្មករនិយោជិតជាង ១០០នាក់ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ បានប្រមូលផ្តុំគ្នាមុខបរិវេណអគារកាស៉ីណូ ដែលធ្លាប់មានស្លាកឈ្មោះថា សណ្ឋាគារអន្តរជាតិ ស៉ីកាង ដែលមានទីតាំងស្ថិតនៅតាម បណ្តោយផ្លូវលេខ៤០០ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីទាមទារឲ្យមានការអន្តរាគមន៍ ដោះស្រាយបើកប្រាក់ខែជូនពួកកាត់។

កម្មករនិយោជិត បានប្រាប់បណ្តាញព័ត៌មាន Fresh News ដឹងថា កម្មករនិយោជិតប្រមាណជិត៤០នាក់ ក្នុងចំណោម១៥៨នាក់ ដែលក្រុមហ៊ុនមិនបានប្រើប្រាក់ខែឲ្យ បានមកសុំការអន្តរាគមន៍ពីអាជ្ញាធរមានសមត្ថកិច្ច មន្ទីរពាក់ព័ន្ធ និងម្ចាស់ទីតាំង ដើម្បីឲ្យមានការដោះស្រាយបញ្ហារឿងបើកប្រាក់ឈ្នួលជូនកម្មករនិយោជិត ដោយពួកគាត់បញ្ជាក់ប្រាប់ថា ក្រុមហ៊ុនកាស៉ីណូខាងលើមិនបានបើកប្រាក់ខែជូនកម្មករចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២។

លុះពេលក្រោយមក យោងតាមឯកសារដែលមានស្រាប់ ខាងភាគីក្រុមហ៊ុនបានធ្វើការសុំពន្យាពេលបើកប្រាក់ខែ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងលិខិតស្នើសុំពន្យាពេលមានរយៈពេលតែ ១សប្តាហ៍តែប៉ុណ្ណោះ ប៉ុន្តែរហូតមកទល់នឹងពេលនេះមានរយៈពេលជិត ៥ខែមកហើយ ខាងភាគីក្រុមហ៊ុនមិនបានដោះស្រាយ និងបើកប្រាក់ខែជូនពួកគាត់នោះទេ។

ជាមួយគ្នានេះ បុគ្គលិកជាច្រើនផ្នែកមានអ្នកបម្រើការអនាម័យ សន្តិសុខ និងមានផ្នែកជាច្រើនទៀតបាន ត្អូញត្អែរៀបរាប់ទាំងអួលដើមកថា ដោយសារពួកគាត់កំពុងតែជួបបញ្ហាជីវភាពប្រចាំថ្ងៃ ត្រូវការប្រាក់កំរ៉ៃដើម្បីចិញ្ចឹមជីវិត និងបង់ធនាគារ ដោយមានអ្នកខ្លះខាងធនាគារចង់រឹបអូសទ្រព្យសម្បត្តិថែមទៀតផង។

បុគ្គលិកកាស៉ីណូអន្តរជាតិ ស៉ីកាង បានបន្តទៀតថា ពួកគាត់ទាមទារតវ៉ាក្នុងថ្ងៃនេះ ក្នុងគោលបំណងចង់ឲ្យអាជ្ញាធរ មន្ទីរពាក់ព័ន្ធ ជាពិសេសលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជួយអន្តរាគមន៍ និងរកដំណោះស្រាយណាមួយដើម្បីឲ្យបានឆាប់រហ័សដល់ពួកគាត់ផង។

ជុំវិញបញ្ហាខាងលើនេះ ថ្លែងក្នុងបទសម្ភាសចំពោះមុខអ្នកសារព័ត៌មានលោក ម៉េត បញ្ញា អនុប្រធានមន្ទីរកាងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ និងជាអ្នកទទួលបន្ទុកដោះស្រាយវិវាទកាងារ ដឹងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ថា ទាក់ទងនឹងវិវាទសណ្ឋាគារអន្តរជាតិស៉ីកាង និងបុគ្គលិកខាងលើនេះ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នា២០២២ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការល្បែងពាណិជ្ជកម្មកម្ពុជា (អ.គ.ល.ក.) បានចុះមកសហការ ជាមួយអាជ្ញាធរចម្រុះ ដែលមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងខេត្ត រួមគ្នាចុះពិនិត្យទីតាំងខាងលើម្តងរួមមកហើយ ដោយជាក់ស្តែងក៏រកឃើញថា អាជីវកម្មនេះបាននិងកំពុងបើកដំណើរការ ដោយអាជ្ញាបណ្ណផុតសុពលភាព ហើយក៏បានសម្រេចកិបសៀល មិនឲ្យទីតាំងខាងលើដំណើរការអាជីវកម្មទៀតទេ។

លុះដល់ ២ថ្ងៃក្រោយមក ខាងកម្មករនិយោជិតក៏បានប្រមូលផ្តុំគ្នា តវ៉ាទាមទារឲ្យមន្ទីរកាងារជួយដំណោះស្រាយដល់ថៅកែម្ចាស់ក្រុមហ៊ុនសណ្ឋាគារអន្តរជាតិ ស៉ីកាង បើកប្រាក់ឈ្នួលជូនពួកគាត់ ប៉ុន្តែជាក់ស្តែងខាងទីតាំងខាងលើ ត្រូវបានបិទដំណើរ ហើយក៏មិនបានជួបជាមួយម្ចាស់ក្រុមនហ៊ុននោះទេ។

រហូតមកទល់ពេលនេះ ខាងមន្ទីរការងារ បានរៀបចំឯកសារពាក់ព័ន្ធ រាយការណ៍ជូនថ្នាក់ដឹកនាំខេត្តរួចហើយដែរ និងបានបញ្ជូនទៅក្រសួងពាក់ព័ន្ធ ព្រមទាំងតុលាការ ក៏ប៉ុន្តែអ្វីដែលអភិបាលខេត្តបានឆ្លើយតបនោះ គឺបើទោះបីជាទីតាំងខាងលើបានបើកដំណើរការយ៉ាងណាក៏ដោយ ក៏ម្ចាស់ក្រុមហ៊ុនមិនទាន់រួចកាតព្វកិច្ចនោះដែរ លុះត្រាតែមានដំណោះស្រាយបើកប្រាក់ខែជូនកម្មកររួចរាល់ជាមុនសិន។ គ្រប់អាជ្ញាធរពាក់ព័ន្ធ ត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់នៅលើរឿងនេះ។

លោក ម៉េត បញ្ញា បានបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីខាងលើនេះ បានបញ្ជូនទៅតុលាការរួចរាល់អស់ហើយ ក៏ប៉ុន្តែរហូតមកទល់ពេលនេះ នៅមិនទាន់បានចេញសាលក្រមនៅឡើយ។ ជាមួយគ្នានោះ លោកបានសំណូមពរដល់ កម្មករនិយោជិតទាំងអស់ មានការអត់ធ្មត់ និងរង់ចាំបន្តិចទៀត ទុកពេលឲ្យថ្នាក់ដឹកនាំដោះស្រាយជុំរុញដោះស្រាយឲ្យបានលឿនបំផុត៕