(កណ្តាល)៖ អំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ រួមមាន ឱសថ បរិក្ខារពេទ្យ សម្ភារប្រើប្រាស់ប្រចាំថ្ងៃ សម្ភារសម្រាប់ក្មេងលេង និងសៀវភៅសរសេរមួយចំនួនសរុបជាថវិកាចំនួន ៥៩១,៨០៨.១៤ដុល្លារ ត្រូវបានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការ អ្នកនាំពាក្យព្រឹទ្ធសភា តំណាងសម្តេចវិបុលសេនាភក្តី សាយ ឈុំ យកទៅប្រគល់ជូនរដ្ឋបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នៅសាលាខេត្តកណ្តាល។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានសម្តែងសេចក្តីសោមន្សរីករាយនិងថ្លែងអំណរគុណតាមរយៈលោក ម៉ម ប៊ុននាង ជូនចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ របស់អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

អភិបាលខេត្តកណ្តាល បានថ្លែងអំណរគុណលោក ម៉ម ប៊ុននាង និងប្រតិភូគណៈកម្មការទី១០ ព្រឹទ្ធសភា ដែលឆ្លៀតពេលដ៏មមាញឹកនាំយកអំណោយរបស់សម្តេចប្រធានព្រឹទ្ធសភា មកប្រគល់ជូនដល់រដ្ឋបាលខេត្ត នៅសាលាខេត្តនាឱកាសនោះ។

អភិបាលខេត្ត បានសន្យានាំយកអំណោយមនុស្សធម៌ខាងលើនេះ ទៅចែកជូនដល់មន្ទីរសុខាភិបាល អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ ដែលត្រូវការនូវជំនួយនេះពិតប្រាកដ ប្រកបដោយសមធម៌ និងបរិយាប័ន្ន។ អំណោយរបស់សម្តេច ប្រធានព្រឹទ្ធសភា និងលោកស្រី គឺពិតជានឹងចូល រួមចំណែកលើកកម្ពស់សុខភាព និងគុណភាពជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ។

លោក ម៉ម ប៊ុននាង បានថ្លែងថា សម្តេចប្រធានព្រឹទ្ធសភា និងលោកជំទាវ តែងបានយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខ និងការលំបាក ជាពិសេសបញ្ហាសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានព្រោះថាសុខ ភាពគឺជាវត្ថុដ៏មានតម្លៃបំផុតដែលមិនអាចខ្វះបាន ហើយសុខភាពគឺជាកត្តាចម្បងសម្រាប់លើកកម្ពស់ជីវភាពគ្រួសារ។

កន្លងមកអំណោយមនុស្សធម៌របស់ សម្តេចប្រធានព្រឹទ្ធសភា និងលោកជំទាវ បានផ្តល់ជូនទៅមន្ទីរពេទ្យរដ្ឋ មន្ទីរសុខាភិបាល មណ្ឌលសុខភាព អាជ្ញាធរខេត្ត និងប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តព្រៃវែង និងខេត្តស្វាយរៀង។

លោក ម៉ម ប៊ុននាង បានបញ្ជាក់ថា អំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ បានមកពីការរួមចំណែករបស់ មូលនិធិចែករំលែកសង្រ្គោះជីវិតសាកលនៃសាធារណរដ្ឋកូរ៉េ (GLOBAL LIFE SHARING) តាមការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរបស់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងក្រុមការងារសម្រប សម្រួលដឹកនាំដោយលោក សុខ សំណាង , លោក ជា សុវណ្ណ , លោក ហួត វុត្ថា អ្នកសម្របសម្រួលគម្រោងជំនួយមនុស្សធម៌ និងជាជំនួយការសម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា។

មូលនិធិចែករំលែកសង្រ្គោះជីវិតសាកលនៃសាធារណរដ្ឋកូរ៉េ គឺជាដៃគូសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយព្រឹទ្ធសភាកម្ពុជា ហើយបានផ្តល់ជាជំនួយមនុស្សធម៌យ៉ាងច្រើនជូនដល់ព្រឹទ្ធសភាកម្ពុជា ក្នុង គោលបំណេងជួយលើកកម្ពស់សមត្ថភាពសុខាភិបាល សុខុមាលភាពបងប្អូនប្រជាពលរដ្ឋ និងកុមារនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង៕