(បាត់ដំបង)៖ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដឹកនាំដោយលោក ផេង សិទ្ធី អភិបាលរងខេត្ត និងជាសមាជិកគណៈកម្មាធិការសាខាខេត្តតំណាង លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ព្រមទាំងសហការី និងអនុសាខាស្រុក នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជាសង្ក័សីចំនួន ២០០សន្លឹក ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់រលំទាំងស្រុង ដែលមានជីវភាពខ្វះខាតចំនួន៤គ្រួសារ មកពីភូមិចំនួន២លើ ឃុំអូរដំបង២ចំនួន ៣គ្រួសារ និងឃុំរការចំនួន ១គ្រួសារ នៃស្រុកសង្កែ ខេត្តបាត់ដំបង ដែលរងគ្រោះ កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ។

ក្នុងនាមលោក ផេង សិទ្ធី បានថ្លែងនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ បើទោះបីសម្ដេចមិនបានអញ្ជើញចុះមកផ្ទាល់ក្ដី ក៏សម្ដេចបានធ្វើការចាត់ចែងដល់ក្រុមការងារនៅតាមបណ្ដាខេត្ត ក្នុងការស្វែងរកជនរងគ្រោះ ក៏ដូចជាផ្ដល់ជាអំណោយមនុស្សធម៌ ឬអំណោយសង្រ្គោះបន្ទាន់ភ្លាមៗដល់ប្រជាពលរដ្ឋដែលកំពុងជួបនូវការរងគ្រោះ។

លោកសមាជិកគណៈកម្មាធិការសាខា បានសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះ មហន្តរាយ ដោយធម្មជាតិគ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។

អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន៖ សង្ក័សីចំនួន៥០សន្លឹក ផងដែរ៕