(ភ្នំពេញ)៖ ដោយមើលឃើញប្រទេសកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ ទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធ ទាំងវិស័យធនធានមនុស្ស ជាពិសេសកម្ពុជាទទួលបាន ភាពជោគជ័យក្នុងការ អភិវឌ្ឍវិស័យទេសចរណ៍ ដែលមានគោលនយោបាយដឹកនាំត្រឹមត្រូវ និងមានបទដ្ឋានគតិយុត្តល្អប្រសើរផងនោះ ទើបប្រទេសទីម័រខាងកើត បានស្នើសុំកម្ពុជា ផ្ដល់ជាជំនួយបច្ចេកទេស ដើម្បីឱ្យប្រទេសវ័យក្មេងមួយនេះ បានទទួលការសិក្សារៀនសូត្រពីបទពិសោធន៍នានា ក្នុងការអភិវឌ្ឍន៍វិស័យផ្សេងៗ ពិសេសលើវិស័យទេសចរណ៍នេះតែម្ដង។
ក្នុងជំនួបជាមួយលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាទីស្ដីការក្រសួងទេសចរណ៍ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ លោកស្រី Felicidade de Sousa Guterres ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានលើកឡើងនូវការកោតសរសើរប្រទេសកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំនាវាកម្ពុជាប្រកបដោយ ការអភិវឌ្ឍលើគ្រប់វិស័យ និងជាអ្នកដឹកនាំប្រកបដោយសន្តិភាព ស្ថិរភាពនយោបាយពេញលេញ។
លោកស្រី Felicidade de Sousa Guterres បានបន្ថែមថា ដោយសារការមើលឃើញបែបនេះហើយ ទើបប្រទេសទីម័រខាងកើត ចង់ទទួលបានការរៀនសូតនូវ បទពិសោធន៍ពីកម្ពុជាវិញ ហើយបានស្នើសុំចុះអនុស្សារណៈយោគយល់គ្នាជាមួយកម្ពុជា ដើម្បីបង្កើនទំនាក់ទំនង និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរទៀត។
ឆ្លើយតបនឹងសំណើដ៏ពិសេសខាងលើនេះ លោករដ្ឋមន្រ្តី ថោង ខុន បានឱ្យដឹងថា ខាងកម្ពុជាមិនមានការរុញរាទេ ព្រោះក្នុងពេលកន្លងទៅកម្ពុជា ក៏មានទំនាក់ទំនងល្អជាមួយសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រខាងកើតរួចមកហើយដែរ ហើយស្របតាមសំណើនេះ ខាងកម្ពុជានឹងធ្វើការផ្លាស់ប្ដូរទស្សនកិច្ច ជាមួយទីម័រទៅវិញទៅមក ជាពិសេសវិស័យលើ វិស័យទេសចរណ៍ និងវិស័យកីឡា។
មិនតែប៉ុណ្ណោះ ទីម័រក៏បានស្នើឱ្យកម្ពុជាជំរុញឱ្យមានវិយោគិនកម្ពុជា ទៅដាក់ទុនវិនិយោនៅប្រទេសទីម័រផងដែរ ដោយប្រទេសថ្មីនេះ បានអះអាងថាទីនោះមានធនធានល្អៗ ជាច្រើន ដូចជាធនធានរ៉ែ ប្រេងកាត និងមានធនធានធម្មជាតិផ្សេងទៀត ដើម្បីជួយអភិវឌ្ឍទីម័រឱ្យមានការរីកចម្រើនថែមទៀត៕