(ភ្នំពេញ)៖ ក្រុមការងារគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះពិនិត្យការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលនៅក្នុងសហគមន៍ នៅតាមសាលារៀនគោលដៅក្នុងស្រុកបាគង និងស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹក​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ។

ការចុះពិនិត្យការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ​បានដឹកនាំដោយលោក រស់ សីលវ៉ា រដ្ឋលេខាធិកាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមក្រុមប្រឹក្សាជាតិគាំពារសង្គម។ ​

លោក រស់ សីលវ៉ា ​ ​មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរពីការអភិវឌ្ឍ មូលធនមនុស្ស ជាពិសេសកុមារតូចដែលជាថ្នាលដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ដោយបានខិតខំធ្វើយ៉ាងណាពង្រីកសេវាអបរំឱ្យដល់គ្រប់ភូមិឃុំនៅទូទាំងប្រទេស។

លោកបន្តថា មិនត្រឹមតែប៉ុណ្ណោះ រាជរដ្ឋាភិបាលក៏បានគិតគូរយ៉ាងយកចិត្តទុកដាក់ផងដែរ ក្នុងការជំរុញឱ្យសិក្សានុសិស្សបានមករៀនទៀងទាត់ និងកាត់បន្ថយអត្រាបោះបង់ការសិក្សាឱ្យបានកាន់ច្រើន។ ជាក់ស្តែងកម្មវិធីផ្តល់អាហារតាមសាលារៀននេះ បានអនុវត្តតាំងពីឆ្នាំ១៩៩៩ ដោយបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញកុមារដែលរស់នៅតំបន់គោលដៅ ជាមួយនឹងការបង្កើនអាហារូបត្ថម្ភចម្រុះដល់កុមារ ក្នុងការរួមចំណែកដល់ការលើកស្ទួយផ្នែកសុខភាព សតិបញ្ញា ស្មារតី និងអារម្មណ៍ពួកគេឱ្យមករៀន ដោយមិនមានភាពឃ្លានក្នុងម៉ោងសិក្សា, បង្កើនអត្រាចូលរៀន និងជំរុញឱ្យសិស្សមករៀនបានទៀងទាត់ទាត់ បង្កើនអត្រាឡើងថ្នាក់ បង្កើនអត្រាបញ្ចប់ភូមិសិក្សានៅកម្រិតបឋមសិក្សា និងបានកាត់បន្ថយអត្រាបោះបង់ការសិក្សា, បង្កើនចំណូលជូនប្រជាពលរដ្ឋក្នុងសហគមន៍គោលដៅ តាមរយៈការជំរុញឱ្យផលិតស្បៀងចម្រុះដើម្បីផ្គត់ផ្គង់ស្បៀងដល់កម្មវិធីនៅតាមសាលារៀន ប្រកបដោយគុណភាព និងនិរន្តរភាព។

សូមជម្រាប​ថា ​កម្មវិធីផ្តល់អាហារតាមសាលារៀន នៅព្រះរាជាណាចក្រកម្ពុជា មានសាលារៀនគោលដៅសរុបចំនួន ១ ១១៣ សាលា ក្នុងខេត្តចំនួន ១០ ទូទាំងប្រទេស និងមានសិស្សទទួលផលសរុបប្រមាណ ៣០០ ០០០ នាក់ ដែលដំបូង ត្រូវបានអនុវត្តដោយ WFP ក្រោមហិរញ្ញប្បទានរបស់មូលនិធិ McGovern-Dole នៃក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) និងដៃគូនានា។

ចាប់តាំងពីឆ្នាំ២០១៩ មក និងស្របតាមផែនការអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គម, កម្មវិធីនេះ ត្រូវបានផ្ទេរការគ្រប់គ្រងការអនុវត្តជាបណ្តើរៗ ពីកម្មវិធីស្បៀងអាហារពិភពលោក មកក្រោមការដឹកនាំអនុវត្តដោយក្រសួងអប់រំ យុវជន និងកីឡា វិញ។

គិតត្រឹមឆ្នាំ២០២៣ នេះ​ រាជរដ្ឋាភិបាលសម្រេចទទួលយកសាលាគោលដៅមកក្រោមការគ្រប់គ្រងអនុវត្តរបស់ក្រសួងអប់រំបានចំនួន ៤២៧ សាលា ក្នុងខេត្តចំនួន ១០ រួមមាន៖ សៀមរាប កំពង់ធំ ព្រះវិហារ បាត់ដំបង ស្ទឹងត្រែង បន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ និងឧត្តរមានជ័យ ដែលមានសិស្សទទួលផលចំនួន ១១០ ៦៤៥ នាក់។  សម្រាប់ឆ្នាំ២០២៤ ខាងមុខ រាជរដ្ឋាភិបាលនឹងពង្រីកសាលារៀនគោលដៅបន្ថែមចំនួន ១២៦ សាលាថែមទៀត ដែលនឹងនាំឱ្យសាលារៀនគោលដៅអនុវត្តកម្មវិធីនេះមានចំនួនសរុប ៥៥៣ សាលា​៕