(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៣ បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំងនៅសាលានគរបាលភូមិភាគ ២ ស្ថិតនៅក្នុងភូមិផ្កាយព្រឹក ឃុំមៀន ស្រុកព្រៃឈរ ដើម្បីរៀបចំកម្មវិធីសម្ពោធសមិទ្ធផលនានា ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាពេលឆាប់ៗខាងមុខនេះ។

បើតាមវរសេនីយ៍ទោ ហុង សុផា នាយករង សាលានគរបាលភូមិភាគ ២ បានឲ្យដឹងថា សមិទ្ធផលដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ មានដូចជា ផ្លូវបេតុងជាច្រើនខ្សែ ក្នុងបរិវេណសាលា ដែលជាអំណោយ របស់រដ្ឋបាលខេត្តកំពង់ចាម និងអាគារស្នាក់នៅ របស់សិស្សនគរបាលចំនួន២ កន្លែង ក្នុងនោះអាគារ ១ ជាអំណោយរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ និងអគារ ១ទៀត ជាអំណោយរបស់រដ្ឋបាលខេត្តស្វាយរៀង។

វរសេនីយ៍ទោ ហុង សុផា បានឲ្យដឹងទៀតថា ទន្ទឹមនិងការសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានានេះ ក៏ត្រូវប្រារព្ធពិធីបិទវគ្គ បណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈ នគរបាលជំនាន់ទី ១៧ កម្រិតទី ១ ផងដែរ៕