(ភ្នំពេញ)៖ គណៈប្រតិភូជាន់ខ្ពស់ នៃកម្ពុជា និងសហព័ន្ធស្វីស នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ បានបើកកិច្ចពិគ្រោះយោបល់ទ្វេភាគីជាលើកទី២ របស់ខ្លួននៅរាជធានីភ្នំពេញ។ កិច្ចពិគ្រោះយោបល់នេះ ភាគីកម្ពុជាដឹកនាំដោយ លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយឡែកគណៈប្រតិភូស្វីស ដឹកនាំដោយលោក Johannes Matyassy ឧបការី ក្រសួងការបរទេសស្វីស។
យោងតាមសេចក្តីជូនព័ត៌មាន បានបញ្ជាក់ថា កិច្ចពិគ្រោះយោបល់នេះ ផ្តោតលើប្រធានបទសំខាន់ៗមួយចំនួន ដូចជា ទំនាក់ទមនងទ្វេភាគីកម្ពុជា ស្វីស ដោយរាប់បញ្ចូលការអភិវឌ្ឍន៍សេដ្ឋកិច្ច និងនយោបាយនៃប្រទេសទាំងពីរ ការអភិវឌ្ឍន៍ថ្នាក់តំបន់នៅអាស៊ីអឺរ៉ុប ក៏ដូចជា បញ្ហាសាកលសំខាន់ៗ។
ប្រភពបន្តថា ស្របពេលដែលភាគីកម្ពុជាលើកឡើងពីផលប៉ះពាល់ នៃការបោះជំហានរបស់ប្រទេសកម្ពុជា ដែលលមានចំណូលមធ្យមកម្រិតទាបគណៈប្រតិភូស្វីស បានគូសបញ្ជាក់ពីការចូលរួមសហការក្នុងរយៈពេលវែង ក្នុងការអភិវឌ្ឍប្រទេសកម្ពុចា និងបានពន្យល់ពីចំណងឈរឈ្មោះជាបេក្ខភាពនិងការប្តេជ្ញាចិត្ត របស់ខ្លួន ដើម្បីក្លាយជាដៃគូសន្ទនា តាមវិស័យមួយរបស់អាស៊ានផងដែរ។
លើសពីនេះ រដ្ឋាភិបាលទាំងពីរបានចុះហត្ថលេខាលើ «អនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចពិគ្រោះយោបល់ទ្វេភាគី» ដែលដាក់ចេញជាផ្លូវការ ពិគ្រោះយោបល់ទៀងទាត់រវាងប្រទេសទាំងពីរ ជាប្រចាំឆ្នាំផងដែរ។
ប្រទេសកម្ពុជា និងស្វីស បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាក្នុងឆ្នាំ១៩៦៣។ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ មានភាពរឹងមាំ និងផ្តោតជាពិសេសទៅលើវិស័យមួយចំនួន ដូចជា កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍។
ក្នុងបេសកកម្មមកប្រទេសកម្ពុជា គណៈប្រតិភូស្វីស ក៏បានជួបជាមួយតំណាងមួយចំនួនពីអង្គការសង្គមស៊ីវិល វិស័យឯកជន និង អប់រំ សិក្សាធិការ ដើម្បីស្វែងយល់ស៊ីជំរៅអំពីស្ថានភាពបច្ចុប្បន្នក្នុងប្រទេសកម្ពុជា។ បន្ថែមពីលើនេះ គណៈប្រតិភូ បានធ្វើដំណើរទស្សនកិច្ច សិក្សាលើដៃគូអភិវឌ្ឍន៍របស់ប្រទេស្វីស រួមមាន មន្ទីរពេទ្យព្រះបាទជ័យរវ្ម័នទី៧ របស់វេជ្ជបណ្ឌិត Beat Richner ក្នុងខេត្តសៀមរាប វិទ្យាសា្ថនសភាកម្ពុជា និងមជ្ឈមណ្ឌលបុប្ផាណា៕