(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានបន្តអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋានដែលមានសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគថវិកាជូនសាខា កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដើម្បីសមាគមជាតិ មានធនធាន បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម។

ក្នុងនាមប្រធានគណ:កម្មាធិការសាខាកាកបាទកម្ពុជាខេត្ត លោក សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរអង្គភាព បុគ្គលិកក្រុម ហ៊ុនទាំងអស់ដែល បានឧបត្ថម្ភថវិកាដល់ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។ ក្នុងកាយវិកាដ៏មនុស្សធម៌នេះ គឺជាការចូលរួមរបស់សប្បុរសជនជាមួយសកម្មភាព មនុស្សធម៌កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។

លោកប្រធានគណៈកម្មាធិការសាខាបានបន្តថា ចំពោះអំណោយទាំងនេះសាខាកាកបាទក្រហមកម្ពុជាខេត្តនឹងយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការប្រើប្រាស់អំណោយដ៏ថ្លៃថ្លាទាំងនេះ ដើម្បីបម្រើការងារមនុស្សធម៌ ជួយដល់ ប្រជាពលរដ្ឋដែលជួបការលំបាក និងហានិភ័យដោយ គ្រោះ ធម្មជាតិ គ្រោះមហន្តរាយផ្សេងៗ និងប្រជាពលរដ្ឋ ដែលកំពុង ជួបការលំ បាកដោយ មិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយ ណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការ របស់ចលនាអន្តរជាតិ កាកបាទ ក្រហមអឌ្ឍចន្ទក្រហម។

មូលនិធិដែលសាខាទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋានបានជួយឱ្យសាខាមាន ធនធានអាចធ្វើប្រតិបត្តិការ មនុស្សធម៌របស់ខ្លួន ដោយពុំមាន ការរើសអើងសំដៅរួមចំណែក ក្នុងការជួយសង្គ្រោះជីវិតមនុស្ស ការកសាង ភាព ធន់ទៅនឹង គ្រោះមហន្តរាយផ្សេងៗ ការកាត់ បន្ថយអត្រាឈឺ និងស្លាប់នៃមាតា និងទារក កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការលើកកម្ពស់គោលការណ៍គ្រឹះ នៃតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងវប្បធម៌អហិង្សា។

លោក សុខ លូ បន្តទៀតថា ពិធីទទួលថវិកាសប្បុរសធម៌អបអរ ខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ក្នុងគោលដៅចលនាកៀងគរការចូលរួមគាំទ្រពីសប្បុរសជន គ្រប់មជ្ឈដ្ឋានក្នុងស្មារតីវប្បធម៌ចែករំលែកជាមូលដ្ឋានសម្រាប់សាខាបន្តនិរន្តរភាព ក្នុងការបំពេញបេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា៕