(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយអាជ្ញាធរដែនដី នាំយកអំណោយស្បៀងអាហាររបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនក្រុមគ្រួសារប្រជាពលរដ្ឋចំនួន២២គ្រួសារ។ ក្នុងនោះក្រុមគ្រួសារប្រជាពលរដ្ឋ ដែលបានទទួលមរណភាពចំនួន ២គ្រួសារ និងឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រចំនួន ២០គ្រួសារ មកពីភូមិពន្លាជ័យ និងភូមិពោធិ។

ក្នុងពិធីដែលប្រព្រឹត្តទៅនៅវត្តពន្លាជ័យ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្តាយអាឡោះអាល័យ ចំពោះការបាត់បង់ប្រជាពលរដ្ឋទាំង ២រូប ដែលបានទទួលមរណភាព ហើយក្រុមគ្រួសារសពមានជីវភាពលំបាកខ្វះខាត។

ឧត្តមសេនីយ៍ទោ បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំប្រឹងប្រែងបង្កបង្កើនផលចិញ្ចឹមសត្វ ដើម្បីដោះស្រាយជីវភាពគ្រួសារឲ្យកាន់តែប្រសើរឡើង និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាអនុវត្តន៍ឲ្យបានជោគជ័យនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព និងត្រូវរួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះឱ្យនៅគង់វង្សជារៀងរហូត។

ឧត្ដមសេនីយ៍ទោ សិម ស៊ុន ក្នុងនាមក្រុមការងាររបស់រាជរដ្ឋាភិបាលថ្នាក់ខេត្តចុះមូលដ្ឋានឃុំ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ និងក្រុមគ្រួសារដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នាកុំបីខានឡើយ ។

ក្រុមគ្រួសារសពប្រជាពលរដ្ឋទាំង២គ្រួសារ ដែលទទួលមរណភាព ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ៥០គីឡូក្រម មីជាតិចំនួន២កេស ទឹកត្រីទឹកស៊ីអីវចំនួន២យួរ ត្រីខកំប៉ុងចំនួន២យួរនិងថវិកាមួយចំនួន។ ដោយឡែក ប្រជាពលរដ្ឋទាំង ២០ គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាត ទទួលបាននូវអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ និងត្រីខកំប៉ុងចំនួន ១យួរផងដែរ៕