(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Ash Carter បានថ្លែងថា លោកបានធ្វើការពិភាក្សាគ្នាតាមទូរស័ព្ទ ជាមួយនឹងរដ្ឋមន្ត្រីការពារជាតិតួកគីលោក Fikri Isik ដោយបានសន្យាថា «នឹងបន្តភាពជាដៃគូរឹងមាំ» រវាងគ្នា នៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម បើទោះជាទើបកើតមានល្ខោននៃរដ្ឋប្រហារក៏ដោយ។ នេះបើតាមការ ចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០១៦។
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកលោក Peter Cook បានថ្លែងប្រាប់ អ្នកសារព័ត៌មានានានៅមន្ទីរប៉ង់តាហ្គោនថា «រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Carter បានសម្តែងការគាំទ្រជានិច្ចចំពោះរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតដោយ លទ្ធិប្រជាធិបតេយ្យនៅតួកគី ហើយខ្លួនក៏គំាទ្រការអនុវត្តច្បាប់របស់តួកគីផងដែរ។ ភាគីទាំងពីរបានប្តេជ្ញារក្សា ទំនាក់ទំនងដ៏រឹងមាំក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុម ISIS និងអំពើភេរវកម្មគ្រប់ប្រភេទ»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកក៏បានពិភាក្សាឡើងវិញជាមួយនឹងតួកគីផងដែរ ទៅលើសារៈសំខាន់នៃមូលដ្ឋានទ័ព អាមេរិក Incirlik នៅក្នុងប្រទេសតួកគី ដែលជាទីតាំងយុទ្ធសាស្ត្រមួយដើម្បីបន្តដំណើរការកម្ចាត់ក្រុម ISIS ប៉ុន្តែព័ត៌មាន លម្អិតលើបញ្ហានេះ នៅមិនទាន់មានការបង្ហើបនោះឡើយ។ នេះជាកិច្ចសន្ទនាតាមទូរស័ព្ទលើកទីមួយហើយនៅតួកគី ក្រោយរដ្ឋប្រហារកាលពីសប្តាហ៍មុនដែលបានសម្លាប់មនុស្ស ២៩០នាក់ និង របួស ១,៤៤០នាក់ផ្សេងទៀត៕