(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា លេខរៀង ១៨ របស់បក្សប្រជាជនកម្ពុជា ដែលសម្គាល់នៅលើសន្លឹកឆ្នោតក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គឺជាលេខហុងស៊ុយ មានលាភសំណាង ដែលអ្នកបោះឆ្នោតនឹងងាយស្រួលចំណាំ។
ការថ្លែងបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សាថ្មីនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។
គួរជម្រាបថា ក្នុងការចាប់ឆ្នោតកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ សម្ដេចសង្ឃរាជ ប៊ួរ គ្រី ក៏ចាប់យកបានលេខរៀង១៨សម្រាប់គណបក្សប្រជាជនកម្ពុជា ក្នុងចំណោមគណបក្សនយោបាយទាំង១៨។ ពិធីនេះរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «លេខ១៨! ៨បូក១ ចេញ៩ ជាលេខហ៊ុងស៊ុយ (លាភសំណាង)»។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា រូបសញ្ញាគណបក្សប្រជាជនកម្ពុជា (រូបទេវតាបាចផ្កា) និងលេខរៀងគណបក្សចំលេខ១៨នេះ គឺនឹងធ្វើឱ្យប្រជាជនអ្នកបោះឆ្នោតងាយស្រួលចំណាំ៕