(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សាថ្មីតម្លៃជិត ២លានដុល្លារ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ បានណែនាំឲ្យកែតម្រូវលើចម្រៀងមួយបទ ដែលអ្នកនិពន្ធតែងឡើង ដើម្បីអបអរសាទរកម្មវិធីសម្ពោធនេះ ប៉ុន្ដែច្រឡំដាក់ថា ពុទ្ធិកសាកលវិទ្យាល័យសីហនុរាជា។
ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បន្ទាប់ពីទទួលបានចម្រៀងមួយបទនេះ អ្នកគ្រប់គ្រងឆាណែលតេលេក្រាមរបស់សម្ដេច ក៏បញ្ជូនចូលឆាណែលរបស់សម្ដេចដើម្បីផ្សព្វផ្សាយបន្ដទៀត ដោយមិនបានពិនិត្យឲ្យបានច្បាស់លាស់ ប៉ុន្ដែសម្ដេចក៏បានណែនាំឲ្យដកចម្រៀងនោះចេញសិន ដោយត្រូវរង់ចាំការកែសម្រួលថ្មី ទើបផ្សព្វផ្សាយឡើងវិញ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «នៅក្នុងនេះដាក់បទ អបអរសាទរពិធីសម្ពោធអគារពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជា ហើយចម្រៀងចាក់ផ្សាយទៅ ឥលូវសុំដកចម្រៀងនេះត្រឡប់មកវិញ ហើយកែតម្រូវទៅសម្ពោធនៅវត្តស្វាយពពែ ប៉ុន្ដែដាក់កន្លែងវិញ។ អញ្ចឹងបានគេថាចម្រៀងមានពេលខ្លះ អ្នកចម្រៀងមិនទាន់ស្លាប់ផង តែចម្រៀងស្លាប់បាត់ ប៉ុន្ដែចម្រៀងនៅរស់»។
ទាក់ទិនករណីចម្រៀងមួយបទនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានណែនាំ និងក្រើនរំលឹកដល់អ្នកនិពន្ធចម្រៀងទាំងអស់ ត្រូវសម្រិតសម្រាំងយកគុណភាពជារឿងសំខាន់ កុំផលិតបានតែបរិមាណច្រើនក្នុងមួយថ្ងៃៗ គ្រាដែលពេលខ្លះអ្នកស្ដាប់ក៏មិនបានស្ដាប់អស់ទៅទៀត ដូច្នេះហើយត្រូវនិពន្ធចម្រៀងប្រកបដោយគុណភាព ហើយសម្ដេចសង្ឃឹមថា នឹងមិនឲ្យករណីនេះកើតឡើងទៀតឡើយ៕