(ភ្នំពេញ)៖ ថ្លែងក្នុងពិធីសម្ពោធអគារសិក្សាថ្មី នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណ វត្តស្វាយពពែ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចជួយសាងសង់អគារស្នាក់នៅសម្រាប់និស្សិតសិក្សានៅពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា។

អគារសិក្សាថ្មីនេះ ត្រូវបានប្រសិទ្ធនាមថា «អគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី» ត្រូវបានសាងសង់ឡើងដោយចំណាយថវិកាសរុបជិត ២លានដុល្លារសហរដ្ឋអាមេរិក។ ថវិកាសាងសង់អគារសិក្សាថ្មីនេះ ទទួលបានការឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហកម្ពុជា និងក្រុមគ្រួសារ ព្រមទាំងសប្បុរសជននានា។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទទួលបន្ទុកការរៀបចំការចាក់បេតុង និងធ្វើផ្លូវនៅក្នុងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដើម្បីធ្វើយ៉ាងឱ្យទីតាំងនេះមានសោភ័ណភាព ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់សិស្ស និស្សិត ចេញ ចូលក្នុងសាកលវិទ្យាល័យនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំករុណាខ្ញុំសម្រេចចិត្តធ្វើប្រគេន និងជូននិស្សិតស្នាក់នៅ សុំឱ្យឧត្តមសេនីយ៍ ខេង សុមេត ចាប់ផ្តើមការដ្ឋានទាំងម្តង ហើយសុំឱ្យសម្តេច (សម្តេចមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី) រៀបចំបើកការដ្ឋាន ក្រុងពលីប្រគេនថ្វាយសម្តេចតែម្តងទៅ ខ្ញុំករុណខ្ញុំព្រមហើយ»

ថ្លែងនៅចំពោះព្រះភក្ត្រ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកការដ្ឋានមុនពេលធ្វើពិធីក្រុងពលីកសាសងអគារស្នាក់នៅរបស់និស្សិតនៅក្នុងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការសាងសង់អគារសម្រាប់ឱ្យនិស្សិតស្នាក់ក្នុងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គឺជាការចាំបាច់ ដែលនេះក៏ជាខិតខំមួយរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញឱ្យនិស្សិតក្រីក្រមកពីបណ្តាខេត្តនានា មានទីកន្លែងស្នាក់នៅសម្រាប់បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។ មិនដូច្នេះទេ និស្សិតក្រីក្រ នឹងទៅជ្រកកោនកន្លែងនេះបន្តិច កន្លែងនោះបន្តិចដែលនាំឱ្យមានការលំបាកក្នុងការសិក្សាជាដើម។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជានេះ គឺភាគច្រើនមាននិស្សិតក្រីក្រ មកពីបណ្តារាជធានី-ខេត្ត មកបន្តការសិក្សា។

សម្តេចបានគូសបញ្ជាក់ថា៖ «ឱ្យតែទាក់ទងជាមួយនឹងការចំណាយលើវិស័យអប់រំ យើងអត់គួរស្ទាក់ស្ទើរទេ ទាក់ទងនឹងការបម្រើសុខភាពមនុស្ស យើងអត់គួរស្ទាក់ស្ទើរជាមួយការវិនិយោគទេ នេះជាបំណងប្រាថ្នាសម្រាប់ប្រទេស ជាតិរបស់យើងមានការរីកចម្រើន»