(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ១១កើត ខែជេស្ឋ ឆ្នាំថោះ ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញ​សម្ពោធអគារសិក្សាថ្មី នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណ​វត្ត​ស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

អគារសិក្សាថ្មីនេះ ត្រូវបានប្រសិទ្ធនាមថា «អគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី» ត្រូវ​បាន​​សាងសង់ឡើង ដោយចំណាយថវិកាសរុបជិត ២លានដុល្លារសហរដ្ឋអាមេរិក (ខ្វះ១ដុល្លារ គ្រប់២លានដុល្លារ)។ ថវិកា​សាងសង់អគារសិក្សាថ្មីនេះ ទទួលបានការ​ឧបត្ថម្ភ​ពី​សម្តេចតេជោ ហ៊ុន សែន និងសម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បាទក្រហកម្ពុជា និងក្រុមគ្រួសារ ព្រម​ទាំង​​សប្បុរសជននានា។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យកែតម្រូវលើបទចម្រៀងអបអរសាទរសម្ពោធអគារសិក្សាថ្មីនៅពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ដែលអ្នកនិពន្ធ និពន្ធច្រឡំដាក់ថាសាកលវិទ្យាល័យពុទ្ធិកសាកលវិទ្យាល័យសីហនុរាជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វប្បធម៌នៃការចែករំលែកមានតាំងពីយូរលង់ណាស់មកហើយក្នុងសង្គមកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យជ្រើសរើសគ្រូល្អៗមកបណ្តុះបណ្តាលនៅសាកលវិទ្យាល័យពុទ្ធិកសីហមុនីរាជា។

* សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យពង្រឹងកិច្ចការនិក្ខេបបទថ្នាក់បណ្ឌិត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កំហុសនយោបាយពីអតីតកាល ធ្វើឱ្យកម្ពុជាជួបវិនាសកម្ម ហើយធនធានមនុស្សត្រូវបានបាត់បង់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានរដ្ឋប្រហារ ១៨ មីនា ១៩៧០ ហើយទុកឱ្យព្រះបរមរតនកោដ្ឋដឹកនាំប្រទេស កម្ពុជានឹងទទួលលបានការអភិវឌ្ឍន៍ ចម្រើនលូតលាស់ មិនជួបវិនាសកម្មនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជានៅតែប្រកាន់យកគោលនយោបាយ ថវិកា ផ្សារភ្ជាប់នឹងគោលនយោបាយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លេខរៀង «១៨» របស់បក្សប្រជាជនកម្ពុជា មានហុងស៊ុយល្អ ហើយងាយចំណាំ។

* សម្តេចតេជោ ហ៊ុន សែន សម្រេចជួយសាងសង់អគារស្នាក់នៅសម្រាប់និស្សិតសិក្សានៅពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា។

* សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ក្របខណ្ឌមន្ត្រីរាជការ ជូនគ្រូ និងបុគ្គលិកបណ្តែត ២៨នាក់ កំពុងបង្រៀន និងបម្រើការងារនៅពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់នៅវេលាម៉ោង៨៖២០នាទី នាព្រឹកថ្ងៃដដែល, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញព័ត៌មាន Fresh News៕