គ.ជ.ប បើកវគ្គបណ្តុះបណ្តាល រយៈពេល៣ថ្ងៃ ស្តីពី «ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំការបោះឆ្នោតថ្មីឆ្នាំ២០១៦»
20-07-2016 10:20
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានចេញសេចក្តីជូនដំណឹងឲ្យដឹងថា គ.ជ.ប នឹងបើកវគ្គបណ្តុះបណ្តាលដល់មន្រ្តីលេខាធិកាដ្ឋាន រាជធានីខេត្តរៀបចំការបោះឆ្នោត តំណាងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល ស្តីពីការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦។
កម្មវិធីបណ្តុះបណ្តាលនេះ រៀបចំធ្វើ រយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នៅសាលប្រជុំក្រសួងមហាផ្ទៃ អាគារS។
សេចក្តីជូនដំណឹងរបស់ គ.ជ.ប ដដែល បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ លោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប នឹងបើកវគ្គបណ្តុះបណ្តាល រយៈពេល ៣ថ្ងៃស្តីពី «ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំការបោះឆ្នោតថ្មីឆ្នាំ២០១៦»៕