(ប្រេស៊ីល)៖ តុលាការប្រទេសប្រេស៊ីល បានប្រកាសបិទកម្មវិធី WhatsApp បន្ទាប់ពីក្រុមហ៊ុនមួយនេះ មិនបានយល់ព្រមតាមការស្នើសុំរបស់តុលាការ ទាក់ទងនឹងករណីស៊ើបអង្កេតព្រហ្មទណ្ឌមួយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២០ ខែកក្កដា។
នេះជាលើកទី៣ហើយ ដែលតុលាការប្រេស៊ីល ចេញសេចក្ដីប្រកាសបិទកម្មវិធី WhatsApp នៅក្នុងរយៈពេល ២ឆ្នាំចុងក្រោយ ហើយការបិទលើកនេះ នៅមិនទាន់មានប្រតិបត្តិពីសំណាក់ក្រុមហ៊ុន Facebook ដែលជាមេធំរបស់ WhatsApp ឡើយ។
កាលពីខែឧសភា កន្លងទៅនេះ មេធំ Facebook មួយរូបប្រចាំការនៅក្នុងប្រទេសប្រេស៊ីល ត្រូវបានឃុំខ្លួនមួយយប់ ដោយសារតែបានរារាំងអាជ្ញាធរមិនឲ្យបិទ WhatsApp។
គួរបញ្ជាក់ផងដែរថា តុលាការប្រេស៊ីល បានស្នើឲ្យ WhatsApp បង្ហាញព័ត៌មានទាក់ទងនឹងក្រុមជួញដូរថ្នាំញៀនដ៏ធំមួយ ដែលបានប្រើ WhatsApp ទាក់ទងគ្នា ប៉ុន្តែត្រូវបាន WhatApp ប្រានចោលសំណើ និងបានលើកឡើងថា វាជាការរំលោភលើកម្មសិទ្ធិផ្ទាល់ខ្លួនរបស់អ្នកប្រើ ហើយក៏ជាគោលការណ៍របស់ក្រុមហ៊ុនផ្ទាល់ផងដែរ ដូច្នេះក្រុមហ៊ុនមិនអាចធ្វើបានតាមការស្នើសុំនោះទេ៕