(កំពង់ស្ពឺ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា​ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញបង្កើន ការប្រើប្រាស់ កម្លាំងជានារីឱ្យបាន២៥% នៅគ្រប់បេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ។

ការថ្លែងបែបនេះរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច រួមជាមួយលោក ចូស៊ិប ស៊ូអើ (Joseph Scheuer) អ្នកសម្របសម្រួលតំណាងអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា បានអញ្ជើញរៀបចំទិវាអន្ដរជាតិកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងដាក់កម្រងផ្ការំឭកវិញ្ញាណក្ខន្ធកម្លាំងរក្សាសន្តិភាពពលីជីវិត ក្នុងតំបន់បេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ នាសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ( PKO) ខេត្តកំពង់ស្ពឺ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា ជាក់ស្តែង នៅក្នុងរយៈពេល១៧ឆ្នាំនេះ «២០០៦-២០២៣» ទាក់ទងនឹងបេសកកម្មរក្សាសន្តិភាព កម្ពុជាបានបញ្ជូនកងកម្លាំងរាប់ពាន់នាក់ ដើម្បីទៅបំពេញបេសកកម្មក្នុង បណ្ដាប្រទេស ដែលកំពុងជួបវិបត្តិ ក្នុងនោះជាង ១៥% នៃកងកម្លាំងកម្ពុជា ដែលចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ គឺជា «ស្ត្រី»។ បច្ចុប្បន្ន ពួកគាត់បានដើរតួជាគម្រូ និងជំរុញទឹកចិត្តដល់ស្ត្រី និងយុវនារី ក្នុងសង្គមដែលគ្របដណ្ដប់ដោយបុរស ដើម្បីទាមទារសិទ្ធិ និងការរួមចំណែកក្នុងកិច្ចដំណើរការរក្សាសន្តិភាព។

សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងយ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញបង្កើនការប្រើប្រាស់កម្លាំងជានារី (យេនឌ័រ) ឱ្យបាន២៥% នៅគ្រប់បេសកកម្មរក្សាសន្តិភាពទាំងក្នុងកង នៅទីបញ្ជាការ ពិសេសតួនាទីជានាយទាហានសេនាធិការ និងសង្កេតការណ៍យោធា សម្រាប់ធានានិរន្តភាព នៃការចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពយូរអង្វែង ព្រមទាំងផ្តោតសំខាន់ទៅលើសកម្មភាពក្នុងវិស័យរក្សាសន្តិភាពមួយចំនួនទៀត ដែលកម្ពុជាមានលទ្ធភាពចូលរួម»

បន្ថែមពីនេះ សម្តេចរដ្ឋមន្ត្រីការពារជាតិ បានបញ្ជាក់ថា កម្ពុជាបានខិតខំធ្វើការកែលម្អលើការងារគ្រប់គ្រងការពង្រឹងធនធានមនុស្ស ពិសេសការបង្កើនចំនួនចូលរួមជាស្ត្រី ដើម្បីឱ្យស្របទៅនឹងទស្សនយេនឌ័រ បញ្ចូលគ្នានៅក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ រាជរដ្ឋាភិបាលបន្តខិតខំអភិវឌ្ឍន៍មធ្យោបាយ និងធនធានចាំបាច់មួយចំនួន សម្រាប់បំពាក់ជូន ដល់កងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដើម្បីអនុវត្តន៍ភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ តាមរយៈការងារដឹកនាំកំណត់គោលនយោបាយ និងការលើកកម្ពស់ហ្វឹកហ្វឺនពង្រឹងសមត្ថភាពជំនាញលើគ្រប់វិស័យដល់កងកម្លាំងក្នុងការគាំទ្រនូវចក្ខុវិស័យនៃកិច្ចប្រតិបត្តិការរក្សាសន្តិភាព និងទស្សនាទានសម្រាប់របៀបវារៈការអភិវឌ្ឍប្រកបដោយចីរភាព។

បើតាមលោក ចូស៊ិប ស៊ូអើ បានបង្ហាញក្តីរំភើបរីករាយចំពោះយុទ្ធជន យុទ្ធនារីកម្ពុជា ដែលបានសម្រេចចិត្តចូលរួមជាមួយកម្លាំងកងទ័ពមួកខៀវ។ «អ្នកទាំងអស់គ្នាបានក្លាយជាគ្រួសារមួយរបស់អង្គការសហប្រជាជាតិ»

លោក ចូស៊ិប ស៊ូអើ បានចាត់ទុកការសម្រេចចិត្តនេះនាំមកនូវទំនួលខុសត្រូវ និងសិទ្ធិក្នុងការប្រកាន់ខ្ជាប់រាល់តម្លៃនៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។

ក្នុងរយៈពេល១៧ឆ្នាំ កម្ពុជាបានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាតិ ចំនួនជាង ៩០០០នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិភាពចំនួន៩ប្រទេស ខណៈ នៅក្នុងឆ្នាំ២០២៣នេះ កម្ពុជា មានកម្លាំងមួកខៀវចំនួនជិត៩០១នាក់ កំពុងឈរជើងបំពេញបេសកកម្មថែរក្សាសន្តិភាព UN នៅតាមបណ្តាប្រទេសចំនួន៤ រួមមាន៖ប្រទេសស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងប្រទេសម៉ាលី ៕