(បន្ទាយមានជ័យ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងភរិយា លោកស្រី ពេជ ចន្ទមន្នី បានផ្តល់ថវិកា ១០លានរៀលជូនទៅយោធិនមួយរូបរងរបួសដោយសារផ្ទុះមីន នៅក្នុងប្រតិបត្តិការជួយសង្គ្រោះស្ត្រីជនជាតិថៃ ចេញពីចម្ការមីន។
ថវិកាជាអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងភរិយា ត្រូវបានលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ នាំយកជូនលោកពលបាលឯក សេង ឆន យោធិនយោធភូមិភាគទី៥ នៅថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយទោ សេង ធារិន បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខ របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងភរិយា ជូនដល់លោកពលបាលឯក សេង ឆន ដែលបានខិតខំជួយសង្គ្រោះ រហូតដល់រងរបួសប៉ះពាល់ដល់ភ្នែកធ្ងន់ធ្ងរអាចបណ្តាលឱ្យងងឹតភ្នែក។ នេះជាការបង្ហាញនូវទឹកចិត្តមនុស្សធ៌ម មិនប្រកាន់ជាតិសាសន៍ របស់កងទ័ពកម្ពុជា ក្នុងការជួយគ្នាទៅវិញទៅមក រក្សាបាននូវព្រំដែនសន្តិភាព មិត្តភាព និងការអភិវឌ្ឍ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ មានស្ត្រីជនជាតិថៃមួយរូបវ័យប្រមាណ ៤០ឆ្នាំ បានចូលទៅបេះបន្លែក្នុងតំបន់មានមីន នៅព្រំដែនកម្ពុជា-ថៃ ហើយជាន់មីន បណ្តាលឱ្យរបួសដាច់ជើងឆ្វេង និងផ្នែកក្បាលធ្ងន់ធ្ងរ។
ក្រោយកើតមានហេតុការណ៍នោះ កងកម្លាំងដោះមីនយោធភូមិភាគទី៥ ចំនួន ២៧នាក់ សហការជាមួយកងកម្លាំងភាគីថៃ នៅទល់មុខតំបន់កើតហេតុ បានចេញប្រតិបត្តិការ ធ្វើផ្លូវចូលទៅជួយសង្គ្រោះភ្លាមៗ ដោយកាប់ឆ្ការព្រៃ រាវរកមីន។
តែជាកសុលក្នុងប្រតិបត្តិការនោះ ធ្វើឱ្យមីនផ្ទុះមួយគ្រាប់ទៀត ទៅត្រូវលើផ្ទៃមុខលោកពលបាលឯក សេង ឆន យោធិនយោធភូមិភាគទី៥ ប៉ះពាល់ផ្ទៃមុខធ្ងន់ធ្ងរអាចនឹងពិការភ្នែក។
បើទោះបីជាយ៉ាងណា ទាំងលោក សេង ឆន និងស្ត្រីជាជនជាតិថៃ ត្រូវបានសង្គ្រោះចេញពីចម្ការមីន ហើយបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕