(កំពង់ស្ពឺ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក ចូស៊ិប ស៊ូអើ (Joseph Scheuer) អ្នកសម្របសម្រួលតំណាងអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញរៀបចំទិវាអន្ដរជាតិកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងដាក់កម្រងផ្ការំឭកវិញ្ញាណក្ខន្ធកម្លាំងរក្សាសន្តិភាពពលីជីវិត ក្នុងតំបន់បេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិ។
ពិធីនេះបានធ្វើឡើងធ្វើឡើងនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ( PKO) ខេត្តកំពង់ស្ពឺ។
នាឱកាសនោះសម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា ថ្ងៃនេះគឺការប្រារព្ធខួប៧៥ឆ្នាំ «ទិវាអន្តរជាតិកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ» ដែលជាទិវាប្រកបដោយមោទនភាពបំផុត ចំពោះបណ្តាប្រទេស បញ្ជូនកងកម្លាំងរក្សាសន្តិភាព ចូលរួមបំពេញបេសកកម្មអង្គការសហប្រជាជាតិ ដើម្បីបង្ហាញពីភាពកតញ្ញូ ការរំឭកដឹងគុណបំណាច់ កងរក្សាសន្តិភាពដែលបានពលីជីវិតក្នុងបុព្វហេតុសន្តិភាព និងសន្តិសុខនៅលើពិភពលោក។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ការពលីកម្មរបស់កងកម្លាំងរក្សាសន្តិភាពនៅគ្រប់ដំណាក់កាល បានរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រាលទុកលំបាកជួយប្រទេសផ្សេងៗ ដែលកំពុងប្រឈមរងគ្រោះ ដោយវិបត្តិសង្គ្រាមរ៉ាំរ៉ៃ រងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងគ្រោះធម្មជាតិផ្សេងៗ ឱ្យមានជីវភាពរស់នៅបានប្រសើរឡើង។
សម្តេចបានបន្ថែមថា ពិធីគោរពវិញ្ញាណកងកម្លាំងរក្សាសន្តិភាពពិភពលោកនេះ បានធ្វើឡើងស្របពេលដែលបណ្តាប្រទេសបរិច្ចាគកងកម្លាំងចូលរួមថែរក្សាសន្តិភាពលើពិភពលោក បាននាំគ្នាប្រារព្ធទិវាអន្តរជាតិ នៃអ្នកថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ ២៩ ឧសភា លើកទី៧៥ ដើម្បីរំលឹកដល់ការចូលរួមពីគ្រប់កងកម្លាំងយោធា នគរបាល និងបុគ្គលិកស៊ីវិលទាំងបុរស និងនារី ក្នុងប្រតិបត្តិការថែរក្សាសន្តិភាព ហើយក៏ជាថ្ងៃប្រារព្វពិធីគោរពវិញ្ញាណក្ខន្ធ វីរៈយុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុចូលរួមស្វែងរកសន្តិភាពនៅតាមប្រទេសមានជំលោះសង្គ្រាមតាំងពីឆ្នាំ១៩៤៨ រហូតមកដល់បច្ចុប្បន្ននេះ។
លោក ចូស៊ិប ស៊ូអើ បានថ្លែងថា ចាប់តាំងពីឆ្នាំ១៩៤៨ រហូតមកដល់បច្ចុប្បន្ន មានអ្នកថែរក្សាសន្តិភាពជាបុរស និងស្ត្រីប្រមាណជាង ១លាននាក់ ចូលរួមប្រតិបត្តិថែរក្សាសន្តិភាពពិភពលោក ក្រោមឆត្រ UN ក្នុងនោះមានយុទ្ធជន យុទ្ធនារីថែរក្សាសន្តិភាពប្រមាណ ៤,២០០នាក់ បានពលីជីវិតក្នុងបុព្វហេតុរក្សាសន្តិភាពនេះ ក្នុងនោះមានកម្លាំងរក្សាសន្តិភាពកម្ពុជា ចំនួន១១នាក់ផងដែរ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣នេះ គឺជាខួបលើកទី៣១ ដែលអង្គការសហប្រជាជាតិ បានបង្កើតបេសកកម្មរក្សាសន្តិភាពនៅកម្ពុជា ហៅកាត់ថា UNTAC ដើម្បីចូលរួមចំណែកជួយស្តារឡើងវិញនូវសុខសន្តិភាពជូនប្រទេសកម្ពុជាពីសង្គ្រាមហែកហួរក្នុងស្រុកនិងការរៀបចំការបោះឆ្នោតជាលើកដំបូងនៅកម្ពុជា។
នៅក្នុងប្រតិបត្តិការបេសកកម្មរក្សាសន្តិភាពរបស់ UNTAC នៅកម្ពុជា, នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បញ្ជាក់ថា ក្នុងអំឡុងឆ្នាំ១៩៩២-ឆ្នាំ១៩៩៣ មានកម្លាំង UNTAC ប្រមាណជាង ១៥,០០០នាក់ កម្លាំងនគរបាលស៊ីវិល ៣,០០០នាក់ បុគ្គលិកស៊ីវិល ៩០០នាក់ មកពីបណ្តាប្រទេស៤៥ បានមកបំពេញបេសកកម្មរក្សាសន្តិភាពនៅកម្ពុជា ហើយមានកម្លាំង UNTACនេះ ៨២នាក់ មកប្រទេសចំនួន២៧ប្រទេសបានរងការពលីជីវិត។
ដោយឡែកសម្រាប់កម្ពុជាវិញ ក្នុងរយៈពេល១៧ឆ្នាំ កម្ពុជាបានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាតិ ចំនួនជាង៩០០០នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិភាពចំនួន៩ប្រទេស ខណៈនៅក្នុងឆ្នាំ២០២៣នេះ កម្ពុជាមានកម្លាំងមួកខៀវចំនួនជិត៩០១នាក់ កំពុងឈរជើងបំពេញបេសកកម្មថែរក្សាសន្តិភាព UN នៅតាមបណ្តាប្រទេសចំនួន៤ រួមមាន៖ប្រទេសស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងប្រទេសម៉ាលី៕