(កំពង់ឆ្នាំង)៖ សិស្សសាលា៥នាក់ បានរងរបួស ក្នុងនោះ២នាក់រងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តឡង់គី្រស័រ ពាក់ផ្លាក ខ.ម និងរថយន្តទួរីសសាំងយ៉ុងដឹកសិស្សសាលា នៅវេលាម៉ោង ១១៖០០នាទី ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចទំនាបអំពិលលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៧-៥៨ ក្នុងភូមិព្រៃពីស ឃុំច្រេស ស្រុកកំពង់ត្រឡាច។

លោកវរសេនីយ៍ឯក នន ស៊ីណាត អធិការនគរបាលស្រុកកំពង់ត្រឡាច បានឲ្យដឹងថា មុនពេលកើតហេតុរថយន្តទួរីសម៉ាកសាំងយ៉ុង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AW-1849 អ្នកបើកបរឈ្មោះ សែន អានីន អាយុ៦៣ឆ្នាំ រស់នៅភូមិច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច ដឹកសិស្សចំនួន៥នាក់ (ស្រី០១នាក់) បើកបរតាមបណ្ដោយផ្លូវជាតិលេខ៥ក្នុងទិសពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តទួរីសបានបត់ឆ្វេង (ប្ដូរទិសផ្លូវមិនប្រុងប្រយ័ត្ន) ក៏បុករថយន្តម៉ាកឡង់គ្រីស័រពណ៌ស ពាក់ផ្លាកលេខខេមរភូមិន្ទ 02-27 778 អ្នកបើកបរឈ្មោះ អៀង ណារា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិឃួច ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បើកបរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង ក្នុងដំណើរខ្វែងទិសគ្នា។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យរងរបួសមនុស្ស៥នាក់របួស ក្នុងចំណោមជនរងគ្រោះទាំង៥នាក់ ក្នុងនោះក៏មានតែកុងរថយន្តឡង់គ្រីស័រម្នាក់ផងដែរ ខូចរថយន្ត២គ្រឿងធ្ងន់ និងខូចរនាំងដែកសុវត្ថិភាពផ្លូវថ្នល់ប្រវែង ០៦ម៉ែត្រផងដែរ។

លោកអធិការនគរបាលស្រុក បានឲ្យដឹងទៀតថា ក្រោយពេលកើតហេតុ អ្នករងរបួសត្រូវក្រុមគ្រួសារបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច។ ចំណែករថយន្តទាំង២គ្រឿង ត្រូវសមត្ថកិច្ចយកមករក្សាទុកនៅអធិ ការដ្ឋាននគរបាលស្រុកកំពង់ឡាច។ ចំណែកអ្នកបើកបររថយន្តទួរីសសាំងយ៉ុងដឹកសិស្ស ត្រូវបានសមត្ថកិច្ចឃាត់ ខ្លួនកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

ការសន្និដ្ឋានបឋមរបស់សមត្ថកិច្ច អ្នកបើកបររថយន្តទួរីសសាំងយ៉ុងដឹកសិស្សសាលាពាក់ផ្លាកលេខភ្នំពេញ 2AW-2849 បើកបរប្ដូរទិសផ្លូវមិនប្រុងប្រយ័ត្នកាត់មុខរថយន្តឡង់គ្រីស័រ ដែលមកពីទិសបញ្ច្រាស់គ្នាមិនប្រុងប្រយ័ ត្នទើបបណ្ដាលឱ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើង៕