(សៀមរាប)៖ លោក ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកឡើងពិធីចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា និងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ ដល់សិស្សនគរបាលជ័យលាភីចំនួន១៦២នាក់ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប។

ថ្លែងក្នុងពិធីបិទវគ្គនេះដែរ លោកឧត្តមសេនីយ៍ទោ សាយ រិទ្ធីសក្តិ នាយកសាលា បានថ្លែងសុន្ទរកថាស្វាគមន៍ និងរាយការណ៍សង្ខេបអំពីលទ្ធផលនៃការងារបណ្តុះបណ្តាល និងដំណើរការស្ថាបនាហេដ្ឋារចនា សម្ព័ន្ធនានា របស់សាលានគរបាលជាតិភូមិភាគ៤រួចមក។

លោក ចាន់ អ៊ាន បានលើកឡើងថា ក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់ នឹងផ្តល់អាទិភាពខ្ពស់ដល់ការងារអប់រំបណ្តុះបណ្តាល ព្រមទាំងដាក់ចេញនូវផែនការកំណែទម្រង់លើកងកម្លាំងនគរបាលជាប់ជាប្រចាំ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយបានផ្ដោតសំខាន់ទៅលើការធ្វើទំនើបកម្ម និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈនៃកងកម្លាំងនគរបាលជាតិ ឱ្យស្របទៅនឹងការវិវត្តនៃស្ថានការណ៍ សន្តិសុខជាតិ និងអន្តរជាតិ ព្រមទាំងឆ្លើយតបនឹងតម្រូវការនៃអង្គភាពនគរបាល។

ទន្ទឹមនឹងនេះដែរ លោកបានកោតសរសើរចំពោះវឌ្ឍនភាពយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់របស់បណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគ៤ ដើម្បីឆ្លើយតបនឹងតម្រូវការនៃការបណ្តុះបណ្តាល ក្នុងយុគសម័យនៃសន្តិភាព និងប្រទេសជាតិកំពុងមានការរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាមួយគ្នានោះ លោកក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជានិងសាលានគរបាលជាតិភូមិ ភាគ៤។ នឹងកោតសរសើរ ដល់ក្មួយៗជាសិស្សនគរបាលជ័យលាភីទាំងអស់ ដែលបានខិតខំសិក្សាទទួលបានជោគជ័យ ព្រមទាំងបានផ្តាំផ្ញើដល់សិស្សនគរបាល ជ័យលាភីទាំងអស់ ឱ្យយកចំណេះដឹង និងជំនាញទៅប្រើប្រាស់ឱ្យមានប្រយោជន៍ ដល់អង្គភាពនិងសង្គមជាតិជាដើម។

ដោយឡែក ចំពោះហេដ្ឋារចនាសម្ព័ន្ធដែលកំពុងស្ថាបនារួមមាន៖ ផ្លូវបេតុងប្រវែង១,៩០០ម៉ែត្រ និងប្រព័ន្ធលូបង្ហូរទឹកប្រវែង៥០០ម៉ែត្រ ជាអំណោយរបស់លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងការចាក់ដីបំពេញក្នុង បរិវេណសាលាជាង១ពាន់ឡាន ជាការជួយឧបត្ថម្ភរបស់លោកនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ក្នុងការកែលម្អសោភ័ណភាពសាលាឱ្យកាន់តែប្រសើរឡើងផងដែរ៕