(ភ្នំពេញ)៖ លោក ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន តំណាងឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានប្រគេនទៀនព្រះវស្សា ទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគ ដល់ព្រះសង្ឃ៤វត្តទៀត ដែលមួយវត្តនៅខេត្តកំពង់ឆ្នាំង និង៣វត្តទៀតនៅខេត្តតាកែវ វត្តអង្គកំណប់ វត្តប្រាសាទ និងវត្តត្រពាំងបឹង ស្ថិតនៅស្រុកបាទី និងស្រុកសំរោង ដោយក្នុងមួយវត្តទទួលបាន ទៀនវស្សាមួយគូ ទឹកបរិសុទ្ធ មី ស្ករស ទឹកដោះគោ និងប្រគេនបច្ច័យមួយចំនួន។

ក្រៅពីប្រគេនទៀនវស្សា និងទេយ្យវត្ថុហើយនោះ លោក ឃឹង សារ៉ាត់ ក៏បាននាំយកនូវអំណាយ រួមមានប៊ិច សៀវភៅ និងថវិកា ជូនសិស្សជាង៩០០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានសៀវភៅមួយក្បាល ប៊ិច១មួយដើម នាំបុ័ង និងទឹកសុទ្ធ ជាមួយនឹងថវិកា២ពាន់រៀល។ ចំណែកលោកគ្រូអ្នកគ្រូ និងយាយជីតាជី ម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀលផងដែរ។

លោក ឃឹង សារ៉ាត់ បានបញ្ជាក់ថា ការនាំយកទេយ្យវត្ថុ ទៅប្រគេនព្រះសង្ឈក្នុងពេលនេះ ដើម្បីជួយដល់ការលើកតម្កើង និងអភិវឌ្ឍន៍ផ្នែកព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យកាន់តែមានភាពរីកចម្រើនលូតលាស់ ទាំងវិស័យពុទ្ធចក្រ វិស័យអាណាចក្រ ក្រោមការដឹកនាំ ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕