(កំពង់ឆ្នាំង)៖ លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុក រួមនឹងក្រុមការងារអនុសាខាកាកបាទក្រហមក្រុមរដ្ឋបាលស្រុក នាល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ បានចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនគ្រួសារដែលរងគ្រោះធម្មជាតិដោយខ្យល់កន្ត្រាក់ចំនួន ៧គ្រួសារ ក្នុងនោះមានគ្រួសារដែលលំនៅឋានរបស់ពួកគាត់រលំដល់ដី និងរបើកដំបូល ៤គ្រួសារ នៅក្នុងឃុំកំពង់ហៅ ៣គ្រួសារ ឃុំស្វាយរំពារ៣គ្រួសារ និងឃុំដារ ១គ្រួសារ។

អំណោយដែលបាននាំយកទៅចែកជូនដល់ប្រជាពលរដ្ឋទាំង០៧គ្រួសារខាងលើនេះ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស, ត្រីខ១យួរ, មុង១, សារុង១, ភួយ១, សម្រាប់គ្រួសារដែលលំនៅដ្ឋានរបស់ពួកគាត់រលំដល់ដីក្នុងមួយគ្រួសារផ្តល់បន្ថែមនូវកៅស៊ូតង់១ និងថវិកា១០,០០០០រៀល។ ដោយឡែកគ្រួសារដែលលំនៅដ្ឋានពួកគាត់គ្រាន់តែរបើកដំបូល គឺទទួលបានថវិកា ៥០,០០០រៀល ផងដែរ។

នាឱកាសចុះសួរសុខទុក្ខដល់ពលរដ្ឋរងគ្រោះខាងលើនេះ លោកអភិបាលស្រុកកំពង់លែង ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសុខទុក្ខ ពីថ្នាក់ដឹកនាំខេត្ត ពិសេសពីសំណាក់លោកអភិបាលខេត្ត ដែលជានិច្ចជាកាលលោកតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋយើងគ្រប់ពេលវេលា និងបានចូលរួមសោកស្ដាយយ៉ាងក្រៃលែង ចំពោះការបាត់បង់នូវទ្រព្យសម្បត្តិ និងលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយគ្រោះធម្មជាតិខាងលើនេះផងដែរ។

លោកអភិបាលស្រុក ក៏បានផ្ដាំផ្ញើបន្ថែមទៀតដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមទីជនបទតាមរយៈការផ្សព្វផ្សាយរបស់បណ្ដាញព័ត៌មាន Fresh News សូមបងប្អូនត្រូវមានការប្រុងប្រយ័ត្នជាបន្ថែមទៀតឱ្យបានខ្ពស់ ដោយសារតែចាប់តាំងពីដើមរដូវវស្សាមកស្រុកកំពង់លែង បានទទួលរងគ្រោះធម្មជាតិដែលធ្វើឱ្យលំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋរងការខូច ខាតដោយខ្យល់កន្ត្រាក់ជាញឹកញាប់ ហេតុនេះបងប្អូនប្រជាពលរដ្ឋត្រូវតែមានការប្រុងប្រយ័ត្នទាំងការធ្វើដំណើរផ្លូវគោក ឬផ្លូវទឹក ពិសេសការចេញទៅប្រកបរបរធ្វើស្រែចំការ ឬចេញធ្វើការនេសាទជាដើម៕