(សៀមរាប)៖ ដោយមើលឃើញពីការដឹកនាំដ៏ប៉ិនប្រសព្វ របស់សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ អតីតសមាជិក មកពីគណបក្សផ្សេងៗ ចំនួន ៧៧នាក់ នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប បានចូលរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។

ពិធីសំណេះសំណាលបញ្ចូលសមាជិកថ្មីមកពីគណបក្សផ្សេងៗចំនួន ៧៧នាក់ បានធ្វើឡើងនាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ លោក យិន ឆៃលី អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប តំណាងលោក ជា តារា សមាជិកគណៈកម្មការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ក្នុងឱកាសនោះដែរ លោក យិន ឆៃលី បានលើកឡើងថា ការរក្សាបានការអភិវឌ្ឍជាតិប្រកបដោយការទទួលខុសត្រូវខ្ពស់ លើអាយុជីវិតរបស់ប្រជាជន ជាពិសេស គឺការលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា ដោយសំបូរសប្បាយពីដំណាក់កាលមួយទៅដំណាក់កាលទៀត ក្រមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ទើបធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពរហូតមកដល់បច្ចុប្បន្ននេះ។ ដោយឡែក ចំពោះប្រជាពលរដ្ឋដែលបានមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺរាជរដ្ឋាភិបាលតែងតែយកចិត្តទិកដាក់ជានិច្ចមិនអាចបំភ្លេចបានឡើយ។

លោកបានបន្តថា សមាជិកថ្មីដែលបានចូលមករូមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ចំនួន៧៧នាក់ ដែលពួកគាត់បានសម្រេចចិត្តដ៏ត្រឹមត្រូវជាមួយគណបក្សប្រជាជនកម្ពុជា គឺជាសកម្មភាពនយោបាយដ៏ត្រឹមត្រូវ។ ជាការពិតណាស់ការជួបជុំគ្នានាពេលនេះ ជាសកម្មភាពដ៏សំខាន់ ដើម្បីចូលរួមត្រៀមបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ ដែលបងប្អូនបានគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសជាង ៤០ឆ្នាំមកហើយ នឹងរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ឲ្យរួចផុតពីការកាប់សម្លាប់ ព្រមទាំងមានការអភិវឌ្ឍ ឲ្យរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។

លោកបានបន្ត​ទៀតថា វាជាសមិទ្ធិដែលគណបក្សប្រជាជនកម្ពុជា ទទួលបាននាពេលកន្លងមក គឺកត្តាសុខសន្តិភាព ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ និងផែនការយុទ្ធនាការចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្រោមការដឹកនាំ និងភាពជោគជ័យរបស់សម្តេចតេជោ ហ៊ុន សែន គឺការស្វែងរកនៅសុខសន្តិភាពជូនប្រជាពលរដ្ឋប្រកបដោយសុខុដុមរម្យនា សន្តិភាពមិនមែនកើតឡើងដោយឯងៗនោះឡើយ គឺបានមកពីការតស៊ូ ការលះបង់គ្រប់បែបយ៉ាងក្នុងការបួជាជីវិត ដើម្បីប្រទេសជាតិទាំងមូល។ គណបក្សប្រជាជន មានគោលដៅបំរើប្រយោជន៍ប្រជាពលរដ្ឋ ការអភិវឌ្ឍលើគ្រប់វិស័យ ការពារទឹកដី ធ្វើឲ្យកម្ពុជាស្មើមុខមាត់នៅលើឆាកអន្តរជាតិ និងបានដោះស្រាយបញ្ហាជាច្រើន ដើម្បីបុព្វហេតុជាតិ និងមាតុភូមិរបស់ខ្លួន។

ជាមួយនេះដែរ លោកក៏បានចែកអំណោយជូនគ្រួសារ ក្រ១-ក្រ២ចំនួន៧៨គ្រួសារ ក្នុងមួយម្នាក់ៗទទួលបានអង្ករ១០គីឡូក្រាម ទឹកត្រី ១ដប ទឹកស៊ីអ៊ីវ ១ដប ប៊ីចេង០,២៥គីឡូក្រាម ខ្ទឹមសរ ០,៥គីឡូក្រាម។ ចំពោះសមាជិកបក្សដែលបានបញ្ចូលថ្មីចំនួន ៧៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២ម៉ឺនរៀលផងដែរ៕