(ព្រះសីហនុ)៖ ជនសង្ស័យ៥នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនបានជាបន្ដបន្ទាប់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (លួចកាច់កញ្ចក់រថយន្ដ) និងកាន់កាប់អាវុធដោយខុសច្បាប់ នៅចំណុចបុរី គុយណាតឃ្លាំងលើ ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះថា ជនសង្ស័យក្នុងហេតុការណ៍លួចកាច់កញ្ចក់រថយន្ដនោះ មាន២នាក់ បន្ទាប់ក្រោយស្រាវជ្រាវតាំងពីថ្ងៃកើតហេតុ រហូដល់ថ្ងៃទី២៦ ខែឧសភា បានឈានដល់ការចាប់ខ្លួនជនសង្ស័យសរុប៥នាក់ជាបន្ដបន្ទាប់។

យោងតាមការឆ្លើយបំភ្លឺ មានជនសង្ស័យចំនួន៥នាក់ ជាប់ពាក់ព័ន្ធនឹងករណី អំពើលួចមានស្ថានទម្ងន់ទោស (លួចកាច់កញ្ចក់រថយន្ត), ប៉ុនប៉ងក្នុងអំពើលួច (លួចកាច់បំបែកសោករម៉ូតូ), អំពើចោរកម្ម (លួចទូរស័ព្ទ និងកុំព្យូទ័រ) និងកាន់កាប់រក្សាទុក ប្រើប្រាស់អាវុធខុសច្បាប់។ ក្នុងនោះសមត្ថកិច្ចដកហូតបាន ម៉ូតូ១គ្រឿង, អាវុធខ្លី១ដើម ម៉ាក GLOCK 19 គ្រាប់ប្រភេទ9mm ចំនួន៨គ្រាប់, ផ្លែកែច្នៃសម្រាប់កាច់បំបែកសោករម៉ូតូ១ដើម ព្រមទាំងសម្ភារមួយចំនួនទៀត។

ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមច្បាប់៕