(ភ្នំពេញ)៖ បន្ទាប់ពីឧបការីរដ្ឋមន្រ្តីការបទេសអាមេរិកគឺលោក Tom Molinowski ពីម្សិលមិញបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា បើកឲ្យអ្នកជំនាញស៊ើបអង្កេតឯករាជ្យចូលរួមក្នុងដំណើរការស៊ើបអង្កេតករណីបាញ់ប្រហារលោក កែម ឡី ដោយនៅថ្ងៃនេះលោក ផៃ ស៊ីផាន អ្នកនំាពាក្យរាជរដ្ឋាភិបាលកម្ពុជា បានច្រានចោល ដោយលើកឡើងថា អ្វីដែលជាការលើកឡើងរបស់ឧបការីក្រសួងការបរទេសអាមេរិករូបនោះ គ្រាន់តែជានិន្នាការនយោបាយប៉ុណ្ណោះ មិនមែនជានិន្នាការច្បាប់ទម្លាប់នៅកម្ពុជា ដែលបានអនុម័តដោយសភា ឬចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជានោះទេ។
ឧបការីរដ្ឋមន្រ្តីការបទេស អាមេរិកទទួលបន្ទុកសិទ្ធិមនុស្ស ប្រជាធិបតេយ្យនិងសិទ្ធិការងារថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំក្រុងភ្នំពេញ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ថា សូមចូលរួមក្តីសោកសង្រេងចំពោះករណីបាញ់សម្លាប់លោក កែម ឡី អ្នកវិភាគបញ្ហាសង្គម ហើយលោកក៏ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បើកឲ្យមានការចូលរួមស៊ើបអង្កេតពីអ្នកជំនាញឯករាជ្យផងដែរ។
ក្នុងការច្រានចោលនូវការលើកឡើងនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឆ្លើយតបវិញថា «អ្វីដែលជាការលើកឡើងរបស់ ឧបការីក្រសួងការបរទេសអាមេរិកថា កម្ពុជាគួរតែស្វែងរកអ្នកឯករាជ្យមួយ ដើម្បីតាមដានកាសម្លាប់លោក កែម ឡី អ្វីដែលខ្ញុំបានលើកឡើងនេះ ពាក្យថា ឯករាជ្យរបស់អាមេរិកដែលបានថ្លែង នៅក្នុងសន្និសិទហ្នឹង គ្រាន់តែជានិន្នាការនយោបាយប៉ុណ្ណោះ មិនមែនជានិន្នាការច្បាប់ទម្លាប់នោះទេ»។
លោក ផៃ ស៊ីផាន បានបន្តទៀតថា «អាស្រ័យដោយថា អ្វីដែលជាការលើកឡើងរបស់សកម្មជនថា ស្វែងរក FBI គឺសុទ្ធតែជាប៉ូលិសរបស់អាមេរិកហ្នឹង គឺបង្កើតដោយអាមេរិក និងបំរើផលប្រយោជន៍អាមេរិក ហើយបើយកពីចិន គឺតំណាងផលប្រយោជន៍ចិន បើយកពីកាណាដា គឺបម្រើផលប្រយោជន៍កាណាដា មិនមែនការពារផលប្រយោជន៍កម្ពុជានោះទេ។ ពាក្យថា ឯករាជ្យ គ្រាន់តែជាពាក្យមាននៅក្នុងនិន្នាការនោះទេ។ នៅក្នុងច្បាប់ទម្លាប់ដោយសារតែកម្ពុជា មានរបបយុត្តិធម៌មួយ មានចៅក្រមស៊ើបអង្កេតមួយត្រឹមត្រូវហើយការងារ របស់តុលាការ មិនមានអ្នកណាអាចជ្រៀតជ្រែក ក្នុងដែនតុលាការរបស់កម្ពុជាបាននោះទេ ដូច្នេះក្នុងដែនតុលាការ គឺមានលក្ខខណ្ឌពិសេស កិច្ចការថែរក្សាឯករាជ្យ និងអធិបតេយ្យភាព និងផលប្រយោជន៍របស់ជាតិកម្ពុជា ហើយសហចៅក្រម សហមេធាវី មាននៅក្នុងកម្ពុជា ប៉ុន្តែឋិតនៅក្នុងលក្ខខណ្ឌច្បាប់របស់កម្ពុជា ដូចនៅក្នុងតុលាការខ្មែរក្រហម។ ការស្វែងរកអ្នកឯករាជ្យក្នុងការតាមរកឃាតក និងអ្នកនៅពីក្រោយឃាតករ គ្រាន់តែជាការលើកឡើងក្នុងកិច្ចការនយោបាយតែប៉ុណ្ណោះ»។
សូមជំរាបថា លោក Tom Malinowski ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ (DRL) បានធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល២ថ្ងៃទី១៨-១៩ ខែកក្កដា ឆ្នាំ២០១៦។
ឧបការីរដ្ឋមន្រ្តីការបទេស អាមេរិកថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នាស្ថានទូតសហរដ្ឋអាមេរិកប្រចាំក្រុងភ្នំពេញ នាថ្ងៃម្សិលមិញ។ រូបភាពពី VOA Khmer.