(ភ្នំពេញ)៖ ថ្នាំជក់ផ្តល់ផលប៉ះពាល់ជាច្រើនដល់សុខភាពសាធារណៈ ដែលបង្កជាជំងឺមិនឆ្លងនានា ដូចជា ជំងឺមហារីក ជំងឺសរសៃឈាម និងបេះដូង ជំងឺសួត និងប៉ះពាល់ដល់សរីរាង្គទាំងអស់រួមទាំងសេដ្ឋកិច្ច បរិស្ថាន និងសង្គម, លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ បានអំពាវនាវឱ្យបញ្ឈប់ការជក់បារី ដើម្បី ធ្វើឱ្យប្រជាពលរដ្ឋមានអាយុវែង។

ការថ្លែងដូច្នេះរបស់លោកសាស្ដ្រាចារ្យ ក្នុងឱកាសប្រារព្ធពិធីអបអរសាទរទិវាពិភពលោកគ្មានថ្នាំជក់ ឆ្នាំ២០២៣នេះ ក្រោមប្រធានបទ «យើងត្រូវការអាហារ មិនមែនថ្នាំជក់» ដោយផ្តោតលើការជំរុញការដាំដុះដំណាំអាហារប្រកបដោយនិរន្តរភាពជំនួសឲ្យដំណាំថ្នាំជក់ ដែលធ្វើឡើងនៅទីស្ដីការក្រសួងសុខាភិបាល នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ។

ទិវាពិភពលោកគ្មានថ្នាំជក់ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលកំណត់ឡើងដោយអង្គការសុខភាពពិភពលោក ចាប់តាំងពីឆ្នាំ១៩៨៧ បានប្រារព្ឋឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៣១ ខែឧសភា ដើម្បីរំលឹកអំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងររបស់ផលិតផលថ្នាំជក់មកលើសុខភាព សេដ្ឋកិច្ច បរិស្ថាននិងសង្គម និងសូមអំពាវនាវដល់រដ្ឋភាគីទាំងអស់ ព្រមទាំងដៃគូពាក់ព័ន្ធរួមគ្នាជំរុញការលះបង់ទម្លាប់ប្រើប្រាស់ថ្នាំជក់ និងទប់ស្កាត់មនុស្សបច្ចុប្បន្ន និងជំនាន់ក្រោយពីការប្រើប្រាស់ផលិតផលថ្នាំជក់។

លោករដ្ឋមន្ដ្រីបានថ្លែងបន្ដថា «ថ្នាំជក់ធ្វើឱ្យយើងកើតជំងឺមហារីក សួត ក្រពេញ ធ្វើឱ្យកូនកើតមកមិនគ្រប់ខែ ខាតបង់ទាំងសុខភាព និងសេដ្ឋកិច្ចគ្រួសារ ពិសេសត្រូវយល់ដឹងថា ថ្នាំជក់មិនមែនចំណីអាហារទេ ហើយក៏មិនអាចជំនួសអាហារបានផងដែរ ដូច្នេះត្រូវតែទុកលុយទិញចំណីអាហារ កាន់តែពិសេសនោះ គឺគ្មានផ្សែងបារីដែលធ្វើឱ្យប៉ះពាល់ដល់អ្នកដទៃ»។

លោករដ្ឋមន្ដ្រីបន្ដថា «ដើម្បីកាត់បន្ថយការប្រើប្រាស់ជក់បារី ប្រទេសយើងក៏មានច្បាប់ ស្ដីពីថ្នាំជក់នេះ ពិសេសនៅគ្រប់លើកញ្ចប់បារីនីមួយៗ ៥០% គឺដាច់ខាតត្រូវតែមានរូបភាព និងអក្សរ បញ្ជាក់ថា ការជក់បារីប៉ះពាល់ដល់សុខភាព បង្កជាជំងឺមហារីកសួត ជំងឺសរសៃឈាម និងបេះដូង និងជំងឺផ្សេងទៀត ដោយរាល់ពីរឆ្នាំម្ដងក្រុមហ៊ុនត្រូវតែផ្លាស់ប្ដូរ រូបភាព និងអក្សរ ដែលសារសុខភាពពីផលប៉ះពាល់ដល់សុខភាពពីការជក់បារី។ លើសពីនោះ យើងក៏បានកាត់បន្ថយនៃការផ្សព្វផ្សាយផលិតផលថ្នាំជក់ ធ្វើការផ្សព្វផ្សាយអប់រំបន្ដទៀត ដើម្បីឱ្យប្រជាពលរដ្ឋ មានការយល់ដឹងបន្ថែមទៀតឱ្យបានច្រើន ពីផលប៉ះពាល់ ពីហានិភ័យនៃការជក់បារីនេះ» ។

លោកសាស្ដ្រាចារ្យ សង្ឃឹមថាយ៉ាងមុតមាំថា ប្រជាពលដ្ឋយើង នឹងចូលរួមប្រតិបត្ដិឱ្យបានច្រើន យើងត្រូវយល់ថា ថ្នាំជក់មិនអាចជំនួសចំណីអាហារបានទេ អស់លុយហើយ ប៉ះពាល់ដល់សុខភាពទៀត ទាំងខ្លួនឯងយើង និងគ្រួសារដែលស្របផ្សែងបារីពីយើង ពិសេសស្ដ្រី ដែលកំពុងមានកគ៌ អាចបណ្ដាលឱ្យកូនមិនគ្រប់ខែ។

សូមជម្រាបថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានខិតខំប្រឹងប្រែងជំរុញការងារត្រួតពិនិត្យផលិតផលថ្នាំជក់ប្រកបដោយប្រសិទ្ធភាព ដើម្បីបង្ការជំងឺមិនឆ្លងនានា រួមមាន ការកើនឡើង នៃការអនុវត្តច្បាប់ អនុក្រឹត្យ ប្រកាសនានា ស្តីពីការត្រួតពិនិត្យផលិតថ្នាំជក់ក្នុងប្រទេសកម្ពុជា ដោយមានក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ អប់រំ ផ្សព្វផ្សាយ និងអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ដើម្បីបង្ការទប់ស្កាត់ជំងឺមិនឆ្លងឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។ កិច្ចប្រឹងប្រែងទាំងនេះបានធ្វើឲ្យអត្រាប្រេវ៉ាឡង់ការប្រើប្រាស់ថ្នាំជក់ ទាំងក្នុងចំណោមមនុស្សពេញវ័យ ១៥ឆ្នាំឡើង និងក្នុងចំណោមយុវវ័យអាយុ ១៣-១៥ ឆ្នាំ មានការថយចុះជាបន្តបន្ទាប់។

លើសពីនេះ ក្រសួងសុខាភិបាលបានសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិជំរុញគំនិតផ្តួចផ្តើមទីក្រុងគ្មានផ្សែងបារី លើកទឹកចិត្តទីក្រុង ស្រុក ខេត្ត បង្កើតជាបណ្តាញទីក្រុងគ្មានផ្សែងបារី និងការពារជំងឺមិនឆ្លងនៅទូទាំងប្រទេស។ ក្រសួងសុខាភិបាល និងគណៈកម្មាធិការអន្តរក្រសួងជំរុញការងារត្រួតពិនិត្យផលិតផលថ្នាំជក់ឆ្ពោះទៅបង្ការទប់ស្កាត់ជំងឺមិនឆ្លង និងសហការជាមួយភាគីពាក់ព័ន្ធបន្តខិតខំអនុវត្តច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ពិសេសវិធានការចំពោះការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់ និងការឧបត្ថម្ភកម្មវិធីដោយឧស្សាហករថ្នាំជក់ វិធានការការបោះពុម្ពសារព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់ និងសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំឡើងពន្ធផលិតផលថ្នាំជក់ អប់រំ ផ្សព្វផ្សាយដល់ប្រជាជនឲ្យយល់ដឹងពីផលប៉ះពាល់របស់ថ្នាំជក់ ចូលរួមលះបង់ទម្លាប់ប្រើប្រាស់ផលិតផលថ្នាំជក់ និងទម្លាប់ដាំដំណាំថ្នាំជក់ ជាដើម៕