(ភ្នំពេញ)៖ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៃទីស្តីការគណៈរដ្ឋមន្រ្តី បានរួមសហការជាមួយវិទ្យាស្ថានអន្តរជាតិស្តារជនបទឡើងវិញ កម្ពុជា (IIRR Cambodia) នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ រៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពីប្រព័ន្ធស្បៀង និងសិទ្ធិទទួលបានស្បៀងអាហារជូនដល់មន្រី្តរាជការក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល សាកលវិទ្យាល័យ សហគមន៍តំបន់ការពារធម្មជាតិ សហគមន៍ព្រៃឈើ សហគមន៍នេសាទ សហគមន៍កសិកម្ម និងសមាគមកសិករចំនួន៣០រូប។

លោក ឱ ធី នាយកវិទ្យាស្ថានអន្តរជាតិស្តារជនបទឡើងវិញ កម្ពុជា បានថ្លែងថា សិក្ខាសាលានេះ គឺជាផ្តោតសំខាន់ទៅលើគោលគំនិតជាមូលដ្ឋាននៃប្រព័ន្ធស្បៀង សិទ្ធិទទួលបានស្បៀងអាហារ តាមរយៈសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិកសិករ និងប្រជាជនផ្សេងទៀតដែលរស់នៅក្នុងតំបន់ជនបទ ព្រមទាំងគោលការណ៍ណែនាំស្ម័គ្រចិត្តនៃប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភ។ សិក្ខាសាលា ក៏បានពិនិត្យ និងពិភាក្សាស៊ីជម្រៅផងដែរ អំពីបរិបទជាក់លាក់នៃប្រព័ន្ធស្បៀងនៅកម្ពុជា។

លោក ជា សំណាង អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានលើកឡើងថា រាជរដ្ឋាភិបាលបានទទួលស្គាល់សារៈសំខាន់នៃសិទ្ធិទទួលបានអាហារជាសិទ្ធិជាមូលដ្ឋានរបស់ប្រជាជនម្នាក់ៗ ហើយប្រជាជនកម្ពុជាគ្រប់រូបមានសិទ្ធិទទួលបានអាហារដែលមានសុវត្ថិភាព មានគុណភាព និងជីវជាតិគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការរបបអាហាររបស់ពួកគេ ដូចមានចែងក្នុងលិខិតូបករណ៍អន្តរជាតិស្តីពីសិទ្ធិមនុស្ស និងជាសមាសធាតុដ៏សំខាន់នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព។

លោក ជា សំណាង បានគូសបញ្ជាក់ថា៖ «ប្រព័ន្ធស្បៀងអាហារ និងសិទ្ធិទទួលបាន មិនមែនសំដៅតែទៅលើការផលិតស្បៀងមួយប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគូរអំពីការចែកចាយដោយសមធម៌ ការទទួលបានអាហារមានជីវជាតិ និងថ្លៃស្បៀងអាហារសមរម្យ គឺជាសិទ្ធិដែលប្រជាជនទាំងអស់ពេញចិត្ត ដោយមិនគិតពីស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ពួកគេឡើយ»

លោក ជា សំណាង បានអំពាវនាវថា «យើងត្រូវដោះស្រាយបញ្ហាខ្ជះខ្ជាយស្បៀងអាហារ និងការខាតបង់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ចាប់ពីផលិតកម្ម រហូតដល់ការប្រើប្រាស់លើតុអាហារ។ ដូច្នេះ ចាំបាច់យើងត្រូវរួមគ្នាចូលរួមដល់ការលើកកម្ពស់សន្តិសុខស្បៀង និងសិទ្ធិទទួលបានស្បៀង រួមទាំងជំរុញការយកចិត្តទុកដាក់ឱ្យមានលទ្ធភាពទទួលបានទឹកស្អាត អនាម័យ អាហារមានសារជាតិចិញ្ចឹមរាងកាយ ការថែទាំសុខភាព ការបង្ការ និងដោះស្រាយបញ្ហានានា ការគិតគូរបរិស្ថាន ការការពារជំងឺឆ្លងនានា ការផ្លាស់ប្តូរទម្លាប់ និងឥរិយាទ។ល។

លោកក៏បានគូសបញ្ជាក់ថា ការអនុវត្តប្រព័ន្ធស្តុកទុកស្បៀង ការដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព ការលើកកម្ពស់ឥរិយាបថអ្នកប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ និងការគាំទ្រគំនិតផ្តួចផ្តើមដែលបង្វែរអាហារដែលលើសពីតម្រូវការ ទៅឱ្យអ្នកដែលត្រូវការ នោះយើងត្រូវកាត់បន្ថយភាពខ្ជះខ្ជាយស្បៀងអាហារ សំដៅរួមចំណែកធានាថា គ្មានប្រជាជនកម្ពុជាណាម្នាក់មានភាពអត់ឃ្លានឡើយ។

ក្នុងឱកាសនោះដែរ លោក សុខ ស៊ីឡូ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក៏បានគូសបញ្ជាក់ថា នៅលើភពផែនដីយើងនេះ ជារៀងរាល់ថ្ងៃមានមនុស្សជាង ៧.២ពាន់លាននាក់ ត្រូវការអាហារបរិភោគ ហើយនៅឆ្នាំ២០៥០ខាងមុខ យ៉ាងហោចណាស់មានមនុស្សជាង ២ពាន់លានទៀតនឹងត្រូវការអាហារបរិភោគបន្ថែមទៀត។

លោកបានចោទសួរថា តើនៅពេលនោះ ពិភពលោកអាចមានអាហារសម្រាប់បរិភោគដូចសព្វថ្ងៃនេះទឿតដែរ ឬទេ ប្រសិនបើយើងមិនផ្លាស់ប្តូរប្រព័ន្ធស្បៀងរបស់យើង? បច្ចុប្បន្ននេះ ប្រព័ន្ធស្បៀងនៅលើពិភពលោក កំពុងមានបញ្ហាប្រឈមជាច្រើនដែលកំពុងកើតមាន។ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទបានខិតខំពង្រឹងយន្តការពហុវិស័យ ដោះស្រាយបញ្ហាប្រឈមនានាក្នុងប្រព័ន្ធស្បៀងអាហារនៅកម្ពុជា និងការធានាសិទ្ធិទទួលបានស្បៀងអាហារ៕