(ភ្នំពេញ)៖ សាលាឧទ្ធរណ៍ បានសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល ដោយផ្តន្ទាទោសសកម្មជនគណបក្សសង្គ្រោះជាតិ លោក អ៊ុក ពេជ្រសំណាង ឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោមការចោទប្រកាន់ ៤បទល្មើសផ្សេងគ្នា។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ លោក សំរិទ្ធ សុផល នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ បានសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ ទុកជាបានការ និងបានបញ្ជាក់ថា ជនជាប់ចោទអាចប្តឹងសាទុក្ខទៅតុលាការកំពូលរយៈពេល ១ខែ ប្រសិនបើមិនសុខចិត្តនឹងសេចក្ដីសម្រេចនេះ។
ភ្លាមៗក្រោយការប្រកាសសាលដីកា លោក អ៊ុក ពេជ្រសំណាង បានស្រែកថា ជាការសម្រេចដោយអយុត្តិធម៌ ជាការសម្រេចធ្វើបាប ជនស្លូតត្រង់។
សូមរំលឹកថា លោក អ៊ុក ពេជ្រសំណាង ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ ដោយចោទប្រកាន់៤បទល្មើស គឺបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បទធ្វើឲ្យខូតខាតដោយចេតនា មានស្ថានទម្ងន់ទោស បទប្រឆាំងនឹងអ្នករាជការសាធារណៈ និងបទចូលរួមសមាគម នៃជនទុច្ចរិត យោងតាមមាត្រា ២១៨, ៤១១, ៥០៣ និង៤៩៩ នៃក្រមព្រហ្មទណ្ឌ។
ភរិយារបស់លោក អ៊ុក ពេជ្រសំណាង គឺអ្នកស្រី ទិត្យ ណារិន្ទ បានឲ្យដឹងថា គ្រួសារអ្នកស្រីកំពុងជួបការលំបាកខ្លាំង ដោយសារតែស្វាមីដែលជាបង្គោលគ្រួសារ ត្រូវបានតុលាការឃុំខ្លួនដាក់ពន្ធនាគារ។ អ្នកស្រីអំពាវនាវឲ្យតុលាការដោះលែងស្វាមី ឲ្យមានសេរីភាពឡើងវិញ ព្រោះពេលនេះគ្រួសារអ្នកស្រីកំពុងជួបការលំបាកខ្លាំង។
សកម្មជនគណបក្សសង្គ្រោះជាតិ លោក អ៊ុក ពេជ្រសំណាង ត្រូវបានកងសន្តិសុខខណ្ឌដូនពេញ ចោទប្រកាន់ពីបទបើកម៉ូតូកង់បីបុកទម្លុះរនាំងដែករបស់ពួកគេ នៅក្នុងការតវ៉ាមួយកាលពីខែតុលា ឆ្នាំ២០១៤ កន្លងទៅ៕