(ភ្នំពេញ)៖ អគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ បានបើកសិក្ខាសាលាមួយ ដើម្បីពិគ្រោះយោបល់ស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ប្រេងកាត។ សិក្ខាសាលាពិគ្រោះយោបល់នេះ មានការចូលរួមពីមន្រ្តីជំនាញ និងអ្នកពាក់ព័ន្ធជាច្រើនរូបដូចជា លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក ជៀប សួរ អគ្គនាយក នៃអគ្គដ្ឋានប្រេងកាត និងលោកឌិត ទីណា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលផងដែរ។
បើតាមការជូនដំណឹងរបស់ក្រសួងរ៉ែ និងថាមពល សិក្ខាសាលានាព្រឹកនេះ នឹងពិនិត្យពិភាក្សាទៅលើជំពូក និងមាត្រាជាច្រើន នៃសេចក្តីព្រាងច្បាប់ស្តីពីប្រេងកាត ធ្វើយ៉ាងណាឲ្យច្បាប់នេះ ពេលដាក់ឲ្យអនុវត្តន៍មានភាពល្អប្រសើរផ្តល់ប្រយោជន៍ដល់ជាតិ ប្រជាពលរដ្ឋ និងអ្នកប្រកបអាជីវកម្មលើវិស័យប្រេងកាត។ សេចក្តីព្រាងច្បាប់ស្តីពីប្រេងកាតនេះ មានចំនួន ៩ជំពូក និង ៥៧មាត្រា។
លោក ម៉េង សក្តិធារ៉ា បានលើកឡើងក្នុងសិក្ខាសាលានាព្រឹកថ្ងៃនេះថា ធនធានប្រេងកាត គឺជាដើមទុន ដ៏មានតម្លៃរបស់ជាតិ សម្រាប់ការជំរុញ និងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ការធ្វើអាជីវកម្ម ដើម្បីទាញយកមកប្រើប្រាស់នូវបណ្តាធនធាននេះ គឺជាការវិនិយោគរបស់ជាតិ ដើម្បីទទួលបាននូវផលប្រយោជន៍ជាវឌ្ឍនភាពរុងរឿង នៃសង្គមជាតិ និងភាពល្អប្រសើរ នៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
លោករដ្ឋលេខាធិការបន្តថា ការធ្វើអាជីវកម្មធនធានប្រេងកាតនេះ ជាទូទៅជៀសមិនផុតពីផលប៉ះពាល់ផ្សេងៗ ចំពោះបរិស្ថាន សង្គម ជាពិសេសចំពោះសហគមន៍មូលដ្ឋាន។ លោក ម៉េង សក្តិធារ៉ា បានគូសបញ្ជាក់ថា ក្រសួងរ៉ែ និងថាមពល បានប្រកាន់យកនូវទស្សនវិស័យ ដែលជំរុញឲ្យការអភិវឌ្ឍ និងអាជីវកម្មធនធានប្រេងកាតបញ្ចៀស ឲ្យបានជាអតិបរមានូវផលប៉ះពាល់អវិជ្ជមានផ្សេងៗ ដល់បរិស្ថាន និងសង្គម ព្រមទាំងការពារ និងជំរុញលើកកម្ពស់ផលប្រយោជន៍របស់មូលដ្ឋាន ដើម្បីប្រែក្លាយការវិនិយោគក្នុងវិស័យនេះ បានប្រកបដោយទិន្នផលសេដ្ឋកិច្ច-សង្គមខ្ពស់បំផុត៕