(ស្វាយរៀង)៖ គុណតម្លៃនៃការដឹកនាំរបស់បក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋជឿជាក់ ហើយចូលរួមបម្រើសង្គមក្រោមមាគ៌ាដឹកនាំរបស់បក្សជាបន្តបន្ទាប់។ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជាឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង បានរៀបចំពិធីប្រកាសបញ្ចូលសមាជិកបក្សថ្មីចំនួន ៣៣២នាក់ទៀត។
ពិធីប្រកាសបញ្ចូលសមាជិកថ្មីរបស់បក្សប្រជាជនកម្ពុជាក្នុងឃុំកណ្តៀងរាយ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក មុឹង ពន្លក អនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកស្វាយទាប និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំកណ្ដៀងរាយ។
ក្នុងពិធីនោះ លោក ម៉ឹង ពន្លក បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះសមាជិក សមាជិកាថ្មី ដែលបានជឿជាក់លើការដឹកនាំរបស់បក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ហើយចូលរួមបម្រើសង្គមក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ របស់បក្សប្រជាជនកម្ពុជា។
ក្រៅតែពីការថ្លែងស្វាគមន៍ហើយនោះ លោក ម៉ឹង ពន្លក បានគូសរំលេចពីសមិទ្ធផលជាច្រើន ដែលកើតមានក្នុងសង្គមក្រោមការដឹកនាំរបស់ប្រជាជនកម្ពុជា រួមមានការប្រឹងប្រែងស្វែងរកសុខសន្តិភាព ហើយរក្សាបានសុខសន្តិភាព ជាមូលដ្ឋានគ្រឹះផ្តល់ការរស់នៅ ដ៏សុខសាន្តដល់ប្រជាពលរដ្ឋ និងការកសាងសង្គមជាតិឱ្យរីកចម្រើន។
លោក ម៉ឹង ពន្លក ក៏បានគូសរំលេចពីការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងក្របខណ្ឌទូទាំងប្រទេស ក៏ដូចជានៅក្នុងខេត្តស្វាយរៀង មានដូចជាការលើកកម្ពស់គុណភាពផ្លូវជាតិលេខ១ ស្ពានហ្សឹបាសា និងគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតជាដើម។ លោក បានលើកឡើងថា សមិទ្ធផលទាំងអស់នេះ លេចចេញជារូប គឺដោយសារ តែមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់បក្សប្រជាជនកម្ពុជា។
បន្ទាប់ពីសំណេះសំណាល លោក ម៉ឹង ពន្លក បានឧបត្ថម្ភជូនសមាជិកបក្សថ្មីក្នុង ១នាក់ទទួលបានថវិកា ១០,០០០ រៀល អាវបក្សមួួយ និងមួកមួយផងដែរ។
បន្ទាប់ពីចប់ពិធីស្វាគមន៍សមាជិកបក្សថ្មីហើយនោះ លោក ម៉ឹង ពន្លក ក៏បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យមើលទីតាំងមន្ទីរគណបក្សឃុំ ដើម្បីត្រៀមពង្រីកអគារគណបក្សឃុំ និងបានចុះពិនិត្យមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ដែលក្រុមការងារធ្លាប់បានជួយកសាងនាពេលកន្លងមក៕