(កំពង់ធំ)៖ ផ្លូវលំក្រាលគ្រួសក្រហមប្រវែង ៤,២៥០ម៉ែត្រ ត្រូវបានជួសជុល និងកែលំអរឡើងវិញ ក្រោមមានការឧបត្ថម្ភពីលោក អ៉ឹង ចាន់ឡា (ហៅម៉ិច) និងលោកស្រី ឆាយ សុគង់ ផ្លូវទាំងនេះស្ថិតនៅភូមិតាំងគោក មានប្រវែង ៥៥០ម៉ែត្រ, ភូមិខ្ញោមប្រវែង ១,០០០ម៉ែត្រ, ភូមិតាម៉ី ប្រវែង ២,០០០ម៉ែត្រ និងភូមិថ្លាប្រវែង៧០០ម៉ែត្រ។

លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានថ្លែងអំណរគុណដល់លោក អ៉ឹង ចាន់ឡា (ហៅម៉ិច) និងភរិយា ដែលបានចូលរួមចំណែកអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

លោកអភិបាលស្រុកតាំងគោក បានបញ្ជាក់ថា ក្រោមដំបូលនៃសុខសន្តិភាព ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែជំរុញឱ្យមន្ត្រី អាជ្ញាធរមូលដ្ឋាន ចុះជាប់ជាមួយប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋជួយសម្រួលទុក្ខលំបាកប្រជាពលរដ្ឋ ដោយរៀបចំកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ជាដើម ដោយក្នុងនោះបានប្រែក្លាយពីផ្លូវលំ ទៅផ្លូវក្រាលគ្រួសក្រហម ពីផ្លូវក្រាលគ្រួសក្រហម ទៅជាផ្លូវកៅស៊ូ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋងាយស្រួលក្នុងដឹកជញ្ជូនកសិផលកសិកម្មរបស់ពួកគាត់ទៅកាន់ទីផ្សារ។

ក្នុងឱកាសនោះ លោកអភិបាលស្រុក ក៏សំណូមពរដល់ប្រជាពលរដ្ឋ ត្រូវចូលរួមថែទាំផ្លូវនេះឱ្យបានគង់វង្សយូរអង្វែងដោយមិនត្រូវដឹកលើសទម្ងន់ ដែលបង្កឱ្យខូចផ្លូវនោះទេ និងត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដោយត្រូវពាក់មួកសុវត្ថិភាពឱ្យបានជាប់ជាប្រចាំ រាល់ពេលធ្វើដំណើរម្តងៗផងដែរ៕