(ពោធិ៍សាត់)៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ បានអំពាវនាវឱ្យសមាជិក និងប្រជាពលរដ្ឋទាំងអស់ ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅខេត្តកក្កដា ខាងមុខនេះ ហើយបោះឆ្នោតដើម្បីសន្តិភាព និងការអភិវឌ្ឍទៅមុខរបស់កម្ពុជា។

លោករដ្ឋមន្ត្រីបានអំពាវនាវបែបនេះ នៅក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសាលាភត្ត ក្នុងវត្តសំរោង ឃុំសំរោង ស្រុកក្រវាញ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ដែលពិធីនេះ ក៏មានការចូលរួមផងដែរដោយថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋាន។

លោករដ្ឋមន្ត្រី បានរំលឹកអំពីវិនាសកម្មរបស់កម្ពុជា ដែលចាប់ផ្តើមឡើង ក្រោយប្រហារទម្លាក់សម្ដេចនរោត្តមសីហនុ បង្កើតជាសង្គ្រាមរ៉ៃរ៉ាំ ហើយនាំប្រទេសកម្ពុជាឱ្យធ្លាក់ទៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត បំផ្លិចបំផ្លាញគ្មានសល់នូវសមិទ្ធផលនានារបស់ជាតិ សូម្បីតែវត្តអារាម និងសាសនា ដែលទម្រាំមានសន្តិភាពដូចសព្វថ្ងៃនេះ គឺកម្ពុជាមានការលំបាកខ្លាំងណាស់ ដែលយើងចង់ចាំថា សន្តិភាពនេះ គឺកើតឡើងដោយការខិតខំរបស់គណបក្សប្រជាជនកម្ពុជា តាមរយៈការបង្កើតរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ផ្តួលរំលំរបបប៉ុលពត នៅឆ្នាំ១៩៧៩។

ឆ្លៀតនៅក្នុងឱកាសនេះ​ លោករដ្ឋមន្ត្រី បានជម្រាបដល់ប្រជាពលរដ្ឋអំពីស្ថានភាពនយោបាយ ខណៈដែលកម្ពុជាត្រៀមរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧។ លោកបានបញ្ជាក់ថា ពេលនេះមានគណបក្សនយោបាយចំនួន១៨ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអនុញ្ញាតឲ្យចូលរួមប្រកួតប្រជែងលើកលែងតែគណបក្សពីរប៉ុណ្ណោះ ដែលត្រូវបានបដិសេធដោយគជប និងក្រុមប្រឹក្សាធម្មនុញ្ញ ដោយសារតែគណបក្សទាំងពីរនេះ ពុំបានបំពេញគ្រប់លក្ខខណ្ឌដែលកំណត់ដោយគជប និងច្បាប់ នោះគឺគណបក្សភ្លើងទាន និងគណបក្សមហាសាមគ្គីជាតិខ្មែរ។ គណបក្សសាមគ្គីជាតិខ្មែរ បានប្រកាសទទួលយកសេចក្តីសម្រេចនេះ ប៉ុន្តែគណបក្សភ្លើងទៀន ដោយមានបំណងចង់ធ្វើបាតុកម្មផ្សេងៗ។

ជាមួយនឹងដំណឹងនេះ លោករដ្ឋមន្ត្រី បានណែនាំដល់សមាជិក និងប្រជាពលរដ្ឋកុំឲ្យចូលរួមជាមួយចលនាណាមួយ ដែលចង់បំផ្លិចបំផ្លាញដល់សុខសន្តិភាពរបស់ប្រទេសកម្ពុជា ជាពិសេសការប្រមូលមនុស្សដើម្បីធ្វើបាតុកម្មប្រឆាំងនឹងការបោះឆ្នោតជាដើម ដែលជាទង្វើខុសច្បាប់។ លោកបានបញ្ជាក់ថា ច្បាប់មិនអនុញ្ញាតឲ្យមានការបំផ្លិចបំផ្លាញដល់សន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋជាដាច់ខាត។

លោករដ្ឋមន្ត្រីបានរំលឹកថា រយៈពេលប្រមាណ ៤០ឆ្នាំមកហើយ ដែលប្រជាពលរដ្ឋកម្ពុជាបានរស់នៅក្រោមដំបូលសន្តិភាព ចាប់តាំងពីថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ហើយប្រទេសកម្ពុជា ក៏មានការរីកចម្រើនទៅមុខឥតឈប់ឈរលើគ្រប់វិស័យដែលពីអាមួយអាណត្តិទៅមួយអាណត្តិប្រទេសយើងមានការប្រែប្រួលខ្លាំងណាស់។ លោករដ្ឋមន្ត្រីបានបង្ហាញអំពីសមិទ្ធផលជាច្រើនរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលបាននិងមានសមិទ្ធផលថ្មីៗជាច្រើន ដូចជាការពង្រីកផ្លូវជាតិលេខ៥, ផ្លូវល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត, ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត, គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបជាដើម។ ក្រៅពីនោះ ក៏មានសមិទ្ធផលផ្សេងៗទៀត រួមទាំងកម្មវិធីនយោបាយគាំពារសង្គម ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ផងដែរ។

លោកបានបន្តថា ប្រជាជនកម្ពុជាមានមោទនភាពជាមួយនឹងរដ្ឋាភិបាលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ដែលសម្តេចបានខិតខំស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋហើយខិតខំស្ដារ និងអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។ លោកក៏បានបង្ហាញផងដែរ នូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាទាំង៨ចំណុច សម្រាប់ការប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នាពេលខាងមុខនេះ។

ឆ្លៀតក្នុងឱកាសនេះ លោក ស៊ុយ សែម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យអញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅខែកក្កដាខាងមុខនេះ។ លោកបានបញ្ជាក់ថាសន្លឹកឆ្នោតមួយសន្លឹករបស់ប្រជាពលរដ្ឋមានតម្លៃណាស់ ដែលលោកក៏បានកោតសរសើរដល់សមាជិករបស់គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋដែលបានយល់អំពីសារៈសំខាន់របស់សន្លឹកឆ្នោត និងជឿជាក់លើគណបក្សប្រជាជនកម្ពុជា ដែលបានផ្ដល់ដល់ប្រជាពលរដ្ឋ រយៈពេលកន្លងទៅ និងងទៅថ្ងៃអនាគត។ លោកបន្ថែមថា កាលណាយើងបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា គឺយើងទទួលបានសន្តិភាព ការអភិវឌ្ឍន៍ និងការគាំពារសង្គម៕