(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្ដីបំភ្លឺចំនួន ៣ចំណុច ពាក់ព័ន្ធនឹងការចុះផ្សាយថា «ក្រុមឈ្មួញជនជាតិវៀតណាមកំពុងធ្វើសកម្មភាពបូមខ្សាច់ និងដឹកជញ្ជូនគ្មានច្បាប់អនុញ្ញាត ជំនាញសម្ងំកើបលុយ»។ នេះបើតាមសេចក្តីបំភ្លឺព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។

ទាក់ទិននឹងករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់មានកិត្តិយស សូមបំភ្លឺជូនដល់សាធារណជន និងបណ្តាញផ្សព្វផ្សាយដូចខាងក្រោម៖

ទី១៖ លោកស្រី ហ៊ុយ ខាយលី ដែលសារព័ត៌មាន បានបញ្ជាក់ថា ជាម្ចាស់ទីតាំងបូមខ្សាច់ស្របច្បាប់ ហើយត្រូវបានផ្អាក សកម្មភាពមួយរយៈដោយសារប្រេងឡើងថ្លៃនោះ រហូតមកដល់ពេលនេះអាជ្ញាបណ្ណរបស់លោកស្រី ហ៊ុយ ខាយលី ត្រូវបានហួស សុពលភាពតាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ មកម្ល៉េះ ដូចនេះលោកស្រីមិនមានសិទ្ធិធ្វើអាជីវកម្មលើទីតាំងនោះទៀតទេ។

ទី២៖ ចំពោះលោក ពាវ ឡា ដែលជាប្រជាពលរដ្ឋខ្មែរមានអត្តសញ្ញាណបណ្ណលេខ "០៥០៩៣៩៦១៤” ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៣ បានធ្វើអាជីវកម្មស្របច្បាប់ ដែលមានអាជ្ញាបណ្ណចេញដោយអាជ្ញាធរមានសមត្ថកិច្ច មិនបានប្រើប្រាស់អាជ្ញាបណ្ណឈ្មោះ ទិត សីហៈ ដែលបានទទួលមរណភាពនោះទេ។

ទី៣៖ រីឯការចោទប្រកាន់ចំពោះអភិបាលរងខេត្តទទួលបន្ទុករ៉ែ ជាអ្នកនៅពីក្រោយខ្នងនោះ គឺជាការមួលបង្កាច់ទាំងស្រុង ចំពោះថ្នាក់ដឹកនាំខេត្ត ដែលធ្វើឱ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់មន្ត្រីរាជការមុខងារសាធារណៈ។

ទោះបីយ៉ាងណាក្តី រដ្ឋបាលខេត្ត នៅតែបន្តចាត់មន្ត្រីជំនាញតាមដានត្រួតពិនិត្យគ្រប់សកម្មភាពអាជីវកម្ម ធនធានរ៉ែ ទាំងអស់នៅក្នុងមូលដ្ឋាន ខេត្តពោធិ៍សាត់ ដើម្បីធានាឱ្យគ្រប់ទីតាំងអាជីវកម្មអនុវត្តត្រឹមត្រូវតាមច្បាប់។

រដ្ឋបាលខេត្ត សូមថ្លែងអំណរគុណគ្រប់បណ្តាសារព័ត៌មានទាំងអស់ ដែលចូលរួមផ្សព្វផ្សាយឆ្លុះបញ្ចាំងយ៉ាង ត្រឹមត្រូវ ជាក់ស្ដែង ចំពោះយន្តការដឹកនាំរបស់រដ្ឋបាលខេត្តពោធិ៍សាត់នាពេលបច្ចុប្បន្ន៕