(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត ជូនដល់ប្រជាពលរដ្ឋដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ បានចាប់ផ្ដើមដំណើរការនៅទូទាំងប្រទេស។

គ.ជ.ប បានផលិតបណ្ណព័ត៌មានអ្នកបោះឆ្នោតចំនួន ៩,៧១០,៦៥៥ សន្លឹក ស្មើនឹងចំនួនសរុបអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២។

គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ជាអ្នកចាត់តាំងក្រុមចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតនៅតាមភូមិក្នុងឃុំ សង្កាត់សាមីនីមួយៗ ដែលមានរយៈពេល១ខែ គឺចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ហើយបណ្ណព័ត៌មានដែលនៅសល់ត្រូវរក្សាទុក និងចែកបន្តនៅទីស្នាក់ការ គឃ.សប រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។

ផ្អែកតាមសេចក្ដីសម្រេចលេខ ១២៥ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ គណបក្សនយោបាយ និងសមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ដែលមិនមែនជាសមាជិកក្រុមចែកបណ្ណ ព័ត៌មាន អាចបញ្ជូនតំណាងរបស់ខ្លួន ឱ្យតាមសង្កេតមើលដំណើរការនៃការចែកបណ្ណព័ត៌មាន ក្នុងឃុំ សង្កាត់ពាក់ព័ន្ធបាន។

គោលបំណងនៃការផ្ដល់បណ្ណព័ត៌មានអ្នកបោះឆ្នោត គឺដើម្បី៖

* ជួយដល់អ្នកបោះឆ្នោត ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការបានយល់ដឹងអំពី លេខរៀង ឈ្មោះ ទិន្នន័យពាក់ព័ន្ធនឹងសាមីខ្លួន ក្នុងបញ្ជីបោះឆ្នោត លេខកូដ និងទីតាំងការិយាល័យបោះឆ្នោត កាលបរិច្ឆេទ និងពេលវេលានៃការបោះឆ្នោត ព្រមទាំងប្រភេទឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការ ដែលត្រូវប្រើនៅពេលបោះឆ្នោត

* ជួយដល់អ្នកបោះឆ្នោតអាចរកឃើញយ៉ាងងាយស្រួល នូវទីតាំងការិយាល័យបោះឆ្នោត ដែលសាមីខ្លួនត្រូវទៅបោះឆ្នោត

* ជួយដល់គណៈកម្មការការិយាល័យបោះឆ្នោត (គ.ក.ប) ក្នុងការស្វែងរកឈ្មោះសាមីអ្នកបោះឆ្នោត នៅក្នុងបញ្ជីបោះឆ្នោតផ្លូវការបានឆាប់រហ័ស ដែលបង្កភាពងាយស្រួលដល់ កិច្ចប្រតិបត្តិការបោះឆ្នោតឱ្យកាន់តែមានភាពរលូន និងមិនឱ្យអ្នកបោះឆ្នោតរង់ចាំយូរ។

សូមបញ្ជាក់ជូនថា អ្នកបោះឆ្នោតអាចយកបណ្ណព័ត៌មាននេះ មកជាមួយនៅថ្ងៃបោះឆ្នោត ដើម្បីងាយស្រួលរកឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ប៉ុន្តែទោះបីជាអ្នកបោះឆ្នោតមិនបានយកបណ្ណនេះមកជាមួយ ឬពុំបានទទួលបណ្ណនេះ ក៏អាចបោះឆ្នោតបានដែរ ឱ្យតែសាមីខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ និងមានឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការ ដែលជាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ)។ ដូចនេះ សូមប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធដទៃទៀត មេត្តាចូលរួម និងផ្ដល់កិច្ចសហការ ដើម្បីឱ្យដំណើរការនៃការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតនេះ ប្រព្រឹត្តទៅរលូនល្អ៕