(កណ្តាល)៖ លោក នុត ពុធដារ៉ា អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញប្រកាសបញ្ចូលអតីតសកម្មជន និងសមាជិកគណបក្សភ្លើងទៀន ចំនួន១៣៨នាក់ និងគណបក្សផ្សេងៗ ចំនួន៩៥នាក់ សរុប២៣៣នាក់ មកពីស្រុកស្អាង ស្រុកកោះធំ និងស្រុកអង្គស្នួល ឱ្យចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ 

តំណាងសមាជិកថ្មីទាំង២៣៣នាក់ បានអានពាក្យស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា «ដោយមើលឃើញឧត្តមគតិស្នេហាជាតិ ហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិ របស់គណបក្សប្រជាជនកម្ពុជា ព្រមទាំង ការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ ធ្វើឱ្យប្រជាជនជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយនៅគ្រប់កាលៈទេសៈ គណបក្សប្រជាជនកម្ពុជាតែងតែនៅជាប់ជាមួយនឹងប្រជាជន ជួយដោះស្រាយបញ្ហា តម្រូវការ របស់ប្រជាជនបានទាន់ពេលវេលា។ ដូច្នេះយើងខ្ញុំទាំងអស់គ្នា ជឿជាក់ និងទុកចិត្តលើគណបក្សប្រជាជនកម្ពុជា ថាជាគណបក្សដែលអាចចូលរួមរស់ជីវភាពនយោបាយ និងចូលរួមចំណែកក្នុងការកសាង អភិវឌ្ឍន៍ជាតិ ព្រមទាំងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែរីកចម្រើនបន្ថែមទៀត»

លោកអនុប្រធានគណបក្សខេត្ត បានធ្វើការលើកឡើងថា ការសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ បង្ហាញពីការយល់ដឹង និងឆន្ទៈចង់បានសន្តិភាព និងអភិវឌ្ឍបន្តទៅមុខទៀត។ គណបក្សប្រជាជនកម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសមាជិក និងសកម្មជនរបស់គណបក្សនានា គ្រប់និន្នាការនយោបាយដែលចង់ រួមរស់ជាមួយគណបក្សប្រជាជន ដើម្បីរួមគ្នាកសាង និងអភិវឌ្ឍប្រទេសជាតិយើងឲ្យរីកចម្រើនរុងបន្ថែមទៀត។

លោកបានបន្ថែមថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានភាពចាស់ទុំខាងនយោបាយ ជាគណបក្សដែលបានរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ និងបាននាំយកនូវសុខសន្តិភាព និងការអភិវឌ្ឍពេញលេញ ជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិចាប់តាំងពីថ្ងៃជ័យជម្នះ ៧មករា ដោយកសាង ការពារ និងអភិវឌ្ឍប្រទេសជាតិ បានរីកចម្រើនជាលំដាប់ ពិសេសបាននាំយកនូវសន្តិភាពពេញបរិបូរណ៍ តាមរយៈនយោបាយឈ្នះឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាស្ថាបនិក និងប្រតិបត្តិករនៃនយោបាយឈ្នះ-ឈ្នះ ធ្វើអោយប្រជាពលរដ្ឋនៅទូទាំងប្រទេស រស់នៅមានភាពសុខសាន្ត និងមានជីវភាពធូរធារ។

លើសពីនេះទៅទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើឱ្យមុខមាត់របស់ប្រទេសកម្ពុជាលេចត្រដែតនៅលើឆាកអន្តរជាតិ ជាក់ស្តែងថ្មីៗនេះ ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានដោយជោគជ័យ ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងព្រឹត្តិការណ៍កីឡាអាស៊ីអគ្នេយ៍លើកទី៣២ នៅកម្ពុជា បានបង្ហាញឱ្យពិភពលោកបានឃើញនូវកិត្យានុភាពជាតិកម្ពុជា។

លោក នុត ពុធដារ៉ា បានណែនាំដល់សមាជិកដែលទើបបញ្ចូលថ្មី អោយអនុវត្តតួនាទីភារកិច្ច ទៅតាមលក្ខន្តិកៈរបស់គណបក្សប្រជាជនកម្ពុជា រួមមាន៖

១៖ ខិតខំប្រតិបត្តិឲ្យបានត្រឹមត្រូវតាមកម្មវិធីនយោបាយ និងលក្ខន្តិកៈរបស់គណបក្ស

២៖ កសាងទំនាក់ទំនងល្អជាមួយប្រជាជន និងខិតខំឃោសនាផ្សព្វផ្សាយអំពីកម្មវិធីនយោបាយរបស់គណបក្សច្បាប់របស់រដ្ឋដល់ប្រជាជន

៣៖ ត្រូវថែរក្សាធ្លុងសាមគ្គីឯកភាពផ្ទៃក្នុង រក្សាការសម្ងាត់របស់គណបក្ស ជានិច្ចកាលជួយមតិគ្នាទៅវិញទៅមកដើម្បីការរីកចម្រើន

៤៖ខិតខំរៀនសូត្រលើកកំពស់សមត្ថភាព និងគុណធម៌ដើម្បីសម្រេចភារកិច្ចជូនជាតិមាតុភូមិ

សមាជិកគណបក្សប្រជាជនកម្ពុជា ដែលទើបបញ្ចូលថ្មីទាំងអស់ បានធ្វើការប្តេជ្ញាចិត្ត ស្មោះស្ម័គ្រ គាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅគ្រប់អាណ្ណត្តិ ដើម្បីបន្តរក្សាសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន។ ប្តេជ្ញាគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត។

លោក នុត ពុធដារ៉ា ក៏បានឧបត្ថម្ភដល់សមាជិកសមាជិកថ្មីទាំងអស់នូវសម្ភារៈ និងថវិកាមួយចំនួនផងដែរ៕