(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញមកក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នបន្តការពារការចម្លងវីរុសកូវីដ-១៩ ពពួក Omicron XBB.1.5។

លោកស្រីវេជ្ជបណ្ឌិត បានឱ្យដឹងថា យោងតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ (Bangkok Post) ដែលបានចុះផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ បានបង្ហាញថា៖ មន្ទីរពេទ្យ Siriraj Piyamaharajkarun បានប្រកាសថាខ្លួនមិនអាចទទួលយកអ្នកជំងឺកូវីដ១៩ ទៀតទេ ដោយសារគ្រែទាំងអស់សម្រាប់អ្នកជំងឺកូវីដ១៩ ធ្ងន់ធ្ងរត្រូវបានដាក់អ្នកជំងឺកូវីដ១៩ អស់ទាំងស្រុងហើយ (https://www.bangkokpost.com/thailand/general/2579634/siriraj-piyamaharajkarun-hospital-says-all-covid-beds-full)។ មន្ទីរពេទ្យ Siriraj Piyamarajkarun បាននិយាយនៅលើទំព័រ Facebook របស់ខ្លួន កាលពីថ្ងៃសៅរ៍ថា «សម្រាប់អ្នកជំងឺកូវីដ១៩ នៅគ្រប់បន្ទប់ទាំងអស់ ក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) និងផ្នែកអ្នកជំងឺសម្រាកពេទ្យ (IPD) ត្រូវបានកាន់កាប់ទាំងស្រុង»

លោកស្រីក៏សូមក្រើនរំលឹកជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាទាំងអស់ថា ការកើនឡើងនូវករណីឆ្លងនៅតាមបណ្តាប្រទេសជិតខាង និងនៅលើសាកលលោក ជាសញ្ញាបង្ហាញថាវីរុសកូវីដ១៩ មិនទាន់ទៅណាឆ្ងាយពីយើងនោះទេ។ ក្រោយពីអង្គការសុខភាពពិភពលោក (WHO) ប្រកាសថា កូវីដ១៩ នៅជាបញ្ហាសុខភាព ដែលបានកើតមានឡើងហើយ មិនមែនជាកង្វល់អន្តរជាតិទៀតទេ ប្រជាជនទូទៅលើសាកលលោក និងក្នុងតំបន់ ហាក់ដូចជាមានការធ្វេសប្រហែសខ្លះៗផង សន្តិភាពនិយមពេកខ្លះៗផង និងមិនទៅចាក់វាក់សាំងដូសជំរុញភាពសាំ ដែលបាន ធ្លាក់ចុះជាបណ្តើរៗផង ធ្វើឱ្យវីរុសនេះ មានឱកាសវ៉ៃលុកឡើងវិញបាន ប្រហែលមកពីការយល់ច្រឡំថាវិបត្តិកូវីដ១៩ បានបញ្ចប់ហើយ តែតាមការពិតវាមិនទាន់ចប់នៅឡើយទេ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានគូសបញ្ជាក់ថា «យើងត្រូវបន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ដើម្បីសុខភាពល្អរៀងៗខ្លួន និងទប់ស្កាត់ការវិលត្រឡប់ទៅរកសភាពលំបាករស់នៅដូចពេលមុនៗ។ យើងមិនដឹងថានឹងមានការបំប្លែងវីរុសកូវីដ១៩ថ្មី ដល់ត្រឹមណាទេ ហើយបើវាចេះតែបំប្លែងខ្លួនវាដូច្នេះ ហើយបើវាអាចចាប់ដៃជាមួយមេរោគផ្សេងៗទៀត ក្លាយជាមេរោគថ្មីស្រឡាងមួយទៀតដែលមានភាពឆ្លងខ្លាំងជាងមុនៗ និងធ្ងន់ធ្ងរជាងពេលមុនៗនោះ តើពិភពលោកនឹងអាចកើតមានជាវិបត្តិធ្ងន់ធ្ងរទៀតដែរទេ?

តែមានការអំពាវនាវរួចហើយថា យើងត្រូវតែបន្តការពារ និងត្រៀម លក្ខណៈជាមុននៅលទ្ធភាពផ្ទុះឡើងនូវការឆ្លងថ្មីៗនាពេលខាងមុខ (New pandemic)។ ដូច្នេះ យើងត្រូវរួបរួមគ្នាបន្តការពារ (៣ ការពារ និង៣កុំ ទៅតាមការវាយតម្លៃស្ថានភាពរបស់ខ្លួនត្រឹមត្រូវ) និងរៀនរស់នៅជាមួយវត្តមាននៃមេរោគ ទាំងឡាយមានទាំងវីរុសកូវីដ១៩ ផងដែរនោះ ដោយស្មារតីទទួលខុសត្រូវ ត្រៀមលក្ខណៈឱ្យបានល្អប្រសើរ បន្តថ រក្សាសុខភាព និងសុវត្ថិភាពផ្នែកផ្លូវកាយ និងផ្លូវចិត្តឱ្យបានល្អ ដើម្បីឆ្ពោះទៅរកការរស់នៅបានយូរអង្វែងជាមួយនឹងសុខភាពល្អប្រសើររបស់យើងទាំងអស់គ្នា»