(ភ្នំពេញ)៖ គណៈប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដឹកនាំដោយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូត្រឡប់ មកពីទស្សនកិច្ចជាផ្លូវការវិញហើយ នៅល្ងាចថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីបានស្នាក់នៅសាធារណៈរដ្ឋសង្គមនិយមវៀតណាម អស់រយៈពេល៣ថ្ងៃរួចមក ។

បើតាមការឲ្យដឹងពីលោក ណុប ចាន់ណារិន្ទ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់ប្រាប់អ្នកសាព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថា ដំណើរទស្សនកិច្ចនេះ បានធ្វើឡើងតាមការអញ្ជើញរបស់ភាគីវៀតណាម និងពិនិត្យពីវឌ្ឍនភាព វិស័យអធិការកិច្ចដែលបានធ្វើកិច្ចសហប្រតិបត្តិការកន្លងទៅ រួមនឹងការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជាមួយអធិការកិច្ចរដ្ឋាភិបាលវៀតណាម។

លោក ណុប ចាន់ណារិន្ទ បន្តថា ពិធីចុះហត្ថលេខាលើឯកសារនៃអនុស្សារណៈនេះ បានធ្វើឡើងរវាងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជាមួយលោក ឌ័ន ហុងហ្វុង (Doan Hong Phong) សមាជិកមជ្ឈិមបក្ស និងជាអគ្គាធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម កាលពីរសៀលថ្ងៃទី២៦ ខែឧសភា នៅទីស្តីការអធិការកិច្ចរដ្ឋាភិបាលវៀតណាម។

អ្នកនាំពាក្យរូបនេះបានរំលឹកថា នៅក្នុងអនុស្សារណៈ កាលពីឆ្នាំ២០០៦-២០១៨ វិស័យអធិការកិច្ច នៃប្រទេសទាំងពីរមានវឌ្ឍនភាពគួរឲ្យកត់សំគាល់ ពិសេសលើការបណ្តេះបណ្តាលធនធានមនុស្ស ក្នុងនោះមន្ត្រីរាជការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលរួចហើយនូវការបណ្តុះបណ្តាល ដែលមានរយៈពេល៦ខែ ៣ខែ និង១ខែ មានចំនួនសរុប២២៥នាក់ ។

ទន្ទឹមនឹងពិធីចុះហត្ថលេខាលើអនុស្សារណៈដ៏មានសារៈសំខាន់នេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសមជាមួយលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម ដោយភាគីទាំងពីរបានសម្តែងនូវមោទនភាពនៃកិច្ចសហប្រតិបត្តការល្អលើគ្រប់វិស័យ ដើម្បីប្រយោជន៍ នៃសន្តិភាព មិត្តភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃប្រជាជន និងប្រជាជាតិទាំងពីរ ។

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីវៀតណាម បានថ្លែងនូវការកោតសរសើរការរីកចំរើនរបស់កម្ពុជា និងជោគជ័យធំ នៃការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ និងសូមជូនពរឲ្យការបោះឆ្នោតនាថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខទទួលបានជោគជ័យ។

ជាការឆ្លើយតបនៅក្នុងជំនួបនេះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើជូនថ្នាក់ដឹកនាំបក្ស-រដ្ឋ និងប្រជាជនវៀតណាមប្រកបដោយការនឹករលឹក និងបានបញ្ជាក់ពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងអ្នកជិតខាងល្អ និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ ។

ក្នុងឱកាសស្នាក់នៅទីក្រុងហាណូយ ប្រទេសវៀតណាម សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី បានអញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន Viettel ដែលជាក្រុមហ៊ុនវិនិយោគបណ្តាញទូរគមនាគមន៍នាំមុខគេ នៅប្រទេសវៀតណាម និងបានពង្រីកទៅតាមបណ្តាប្រទេសអាស៊ាន ក្នុងនោះក៏មានកម្ពុជាផងដែរ ហើយបាននឹងកំពុងទទួលការគាំទ្រ និងទទួលបានជោគជ័យក្នុងវិស័យនេះ ។

នៅថ្ងៃទី២៧ ខែឧសភា មុនពេលចាកចេញពីទីក្រុងហាណូយ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំគណៈប្រតិភូទស្សនកិច្ច នៅធនាគារពាណិជ្ជកម្មភាគហ៊ុនវិនិយោគ និងអភិវឌ្ឍន៍វៀតណាម (BIDV) និងបានបន្តមកដល់កម្ពុជាវិញ ដោយនាំមកនូវផ្លែផ្កា និងសុវត្ថិភាព៕