(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣នេះ តាមរយៈបណ្តាញ Facebook និង Telegram ផ្លូវការ បានបង្ហោះវីដេអូខ្លីមួយ ដោយលោកសុំលើកយករឿងពិតមួយ មកនិយាយលេងប្រាប់ជូនមិត្តទាំងអស់គ្នា ដើម្បីបង្កបរិយាកាសរីករាយ​សម្រាប់ថ្ងៃអាទិត្យនេះ នោះគឺការទទួលបានស្នាមថើមពីលោកយាយៗ និងបងប្អូនប្រជាពលរដ្ឋ រវាងលោកបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន។

លោកបណ្ឌិតបានថ្លែងថា កាលពីពេលថ្មីៗកន្លងមកនេះ ក្នុងពេលសម្តេចតេជោ ហ៊ុន សែន ចុះសំណេះសំណាលជាមួយកម្មករ កម្មការិនី សម្តេចបានរំលឹករឿងដែលលោកបណ្ឌិតធ្លាប់ លើកឡើងពីភាពខុសគ្នានៃស្នាមថើបជាប់ថ្ពាល់ ដោយសម្តេចចុះជួបកម្មការិនី ទទួលស្នាមក្រែមជាប់ថ្ពាល់ តែចំណែករូបលោកវិញ ចុះជួបលោកយាយលោកតា មានស្នាមស្លាជាប់ថ្ពាល់។

លោកបណ្ឌិតបន្តថា រូបលោកមិនហ៊ានច្រណែនជាមួយសម្តេចតេជោទេ ហើយពេលនេះ លោកក៏មិនមែនបានតែស្នាមស្លាទេ ស្នាមក្រែមជាប់ថ្ពាល់ ក៏បានដូចសម្តេចដែរ។

សម្រាប់ស្នាមថើបរបស់លោកយាយៗ និងបងប្អូនប្រជាពលរដ្ឋនេះ លោកបណ្ឌិតចាត់ទុក ជាសេចក្តីស្រឡាញ់ និងថាមពលបំបាត់ការនឿយហត់ សម្រាប់រូបលោក។

លោកបណ្ឌិតបានថ្លែងថា «ខ្ញុំឃើញពុកគាត់ចុះជួបប្រជាពលរដ្ឋ តាំងពីខ្ញុំនៅក្មេង តាំងពីគាត់នៅរដ្ឋមន្ត្រីការបរទេស នាយករដ្ឋមន្ត្រីគាត់ចុះតាមភ្លឺស្រែ...ប៉ុន្តែសន្ទុះខ្លាំងឆ្នាំ៩១ ឡើង គាត់ចុះជួបប្រជាពលរដ្ឋគ្រប់ទាំងអស់ ដែលខ្ញុំកាលនោះនៅអាយុ១០ឆ្នាំជាង។ ខ្ញុំឆ្ងល់ពុកម៉េចក៏អត់ចេះហត់ ធម្មតាមនុស្សនរណាក៏ចេះហត់ដែរ តែអ្វីដែលឲ្យគាត់ហត់មិនហត់ គឺកម្លាំងចិត្ត។ អីចឹងក្តីស្រឡាញ់របស់លោកតាលោកយាយ តែមួយខ្សឺត ពីរខ្សឺត [ការថើប] មកខ្ញុំថាមពលពេញ៣ថ្ងៃ»