(កំពង់ធំ)៖ លោក ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ បានគូសបញ្ជាក់នៅចំពោះសមាជិក សមាជិកាទាំងអស់ យើងមិនត្រូវធ្វេសប្រហែសទេ ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីទទួលបានជ័យជំនះក្នុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ។

ការថ្លែងបែបនេះ របស់លោក ងួន រតនៈ បានធ្វើឡើងនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល តាមបណ្ដាក្រុង ស្រុកទូទាំងខេត្តកំពង់ធំ រសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីប្រធានគណៈកម្មាធិការគណបក្សកម្ពុជាក្រុង ស្រុក និងគ្រូបង្គោល ព្រមទាំងយុវជន ឃុំ សង្កាត់ទាំង៨១។

នាឱកាសនោះដែរ លោកបានថ្លែងអំណរគុណដល់គណៈឃោសនាអប់រំថ្នាក់ខេត្ត ដែលបានបណ្ដុះបណ្ដាលគ្រូបង្គោលពីថ្នាក់ជាតិដែលខិតខំបំពេញតួនាទីបន្តបង្រៀនដល់គ្រូបង្រៀនថ្នាក់ស្រុក ក្រុង ឃុំ សង្កាត់​ ហើយវគ្គបណ្ដុះបណ្ដាលនេះមានសារៈសំខាន់ណាស់ដែលជួយទៅដល់គណបក្សនៅមូលដ្ឋាននាពេលបោះឆ្នោតខាងមុខនេះ។

លោក ងួន រតនៈ បានបញ្ជាក់ថា សិក្ខាកាមទាមទារការសិក្សាស្វែងយល់បន្ថែមពីកិច្ចការងារពេលឃោសនាបោះឆ្នោត ពេលបោះឆ្នោត និងរាប់សន្លឹកឆ្នោតក្នុងកិច្ចការច្បាប់ជាពិសេសការដាក់ពាក្យបណ្ដឹងត្រូវស្វែងយល់ពីអង្គហេតុ និងអង្គច្បាប់អត់បានច្បាស់លាស់ហើយចំពោះអ្នកដែលមិនទាន់យល់ត្រូវសិក្សាស្វែងយល់បន្ថែមទៀត ហើយប្រសិនមិនទាន់ច្បាស់លាស់ត្រង់ណាត្រូវសួរមកគ្រូបង្គោលថ្នាក់ខេត្តដើម្បីពន្យល់បន្ថែម និងជួយដោះស្រាយ។

លោក ងួន រតនៈ បានបន្ថែមថា ចំពោះភ្នាក់ងារសង្កេតការណ៍ត្រូវជ្រើសរើសមនុស្សដែលមានសមត្ថភាព និងប៉ិនប្រសប់ពិសេសគឺយល់ពីភារកិច្ចរបស់ខ្លួនឱ្យបានច្បាស់លាស់ និងបំពេញតួនាទីឱ្យបានចប់ចុងចប់ដើម ព្រោះភ្នាក់ងារគណបក្សប្រជាជនកម្ពុជា ជាភ្នែក ជាច្រមុះរបស់គណបក្សដែលមិនអាចខ្វះបាន៕