(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកក្កដានេះ បានចូលរួមអបអរសាទរ ចំពោះជ័យជម្នះរបស់ក្រុមកីឡាករបាល់ទាត់កម្ពុជា អាយុក្រោម១៦ឆ្នាំ (U16) ដែលបានប្រកួតឈ្នះក្រុមបាល់ទាត់មកពីប្រទេស ទីម័រខាងកើតដោយលទ្ធផល ៣-០ បានឡើងទៅកាន់វគ្គពាល់កណ្តាលផ្តាច់ព្រ័ត្រ (៤ក្រុមចុងក្រោយ) នៃពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍ ជាលើកដំបូងរបស់កម្ពុជា។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញលើកទឹកចិត្តយុវជនទាំងអស់ ឲ្យបន្តខិតខំប្រឹងប្រែងព្យាយាម ដើម្បីទទួលជ័យជម្នះលើកមុខមាត់ ប្រទេសជាតិលើកឆាកអន្តរជាតិ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «សូមអបអរសាទរ ក្រុមកីឡាករបាល់ទាត់អាយុក្រោម១៦ឆ្នាំ (U16) កម្ពុជាដែលបានទាត់ឈ្នះក្រុមកីឡាបាល់ទាត់ មកពីប្រទេសទីម័រលេស ៣-០ ឈានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ យុវជនអាស៊ីអាគ្នេយ៍ជាលើកដំបូង។ សូមលើកទឹកចិត្តយុវជនទាំងអស់ បន្តខិតខំប្រឹងប្រែងព្យាយាម ដើម្បីទទួលជ័យជំនះលើកមុខមាត់ ប្រទេសជាតិយើងលើឆាកអន្តរជាតិ»។
សូមជម្រាបថា ក្រុមបាល់ទាត់ឈុតតូចជម្រើសជាតិអាយុក្រោម ១៦ឆ្នាំកម្ពុជា បានឈ្នះកៅអីមួយឡើង ទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងនាមជាក្រុមបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ២ ចេញពីពូល B ជាប្រវត្តិសាស្រ្ត បន្ទាប់ពីយកឈ្នះ U-16 ទីម័រខាងកើត ៣-០ នៅយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦។
U-16 កម្ពុជា បានបើកការនាំមុខ U-16 ទីម័រខាងកើត ត្រឹមចាប់ផ្តើមលេងបាន៥នាទីក្នុងវគ្គទី១ ដោយបាល់ពិន័យប៉េណាល់ទី១១ម៉ែត្រ ស៊ុតបានសម្រេចដោយកីឡាករប្រធានក្រុម យ៉ាវ សាហ្វី ដោយសារតែកីឡាករខ្សែការពារទីម័រ ធ្វើឲ្យមានកំហុសនៅក្នុងប្រអប់គ្រោះថ្នាក់។
កម្ពុជា មិនធ្វើឲ្យអ្នកគាំទ្រជាង១ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិអស់សង្ឃឹមឡើយ តាមរយៈរកបាន២គ្រាប់ទៀត ដោយកីឡាករ ម៉ៅ ពិសិដ្ឋ នៅនាទីទី៥៥ និងនាទីទី៥៩ ក្នុងវគ្គទី២ ដែលជាជ័យជំនះទី៣ ក្នុងព្រឹត្តិការណ៍ពានរង្វាន់យុវជនអាស៊ាន AFF U-16 Youth Championship 2016 នៅកម្ពុជា។
កម្ពុជាត្រូវជួប U-16 វៀតណាម ដែលបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១ ក្នុងពូល A និង U-16 អូស្រ្តាលី ត្រូវជួបក្រុមការពារតំណែងជើងឯក U-16 ថៃ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ មុនពេលវគ្គផ្តាច់ព្រ័ត្រ និងទាត់យកចំណាត់ថ្នាក់លេខ៣ ធ្វើឡើងនៅថ្ងៃទី២៣ កក្កដាចុងសប្តាហ៍នេះ៕