(ភ្នំពេញ)៖ «បើមានការផ្តាច់ ឬការកាត់បន្ថយជំនួយអន្តរជាតិ ឬក៏ការបិទទីផ្សារណាមួយនៅបរទេស គឺអ្នកដឹកនាំប្រទេសយើងសព្វថ្ងៃទេ ដែលជាអ្នកទទួល ខុសត្រូវ» នេះជាការលើកឡើងរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នៅលើ Facebook ប៉ុន្តែត្រូវបានក្រុមកម្មករ-កម្មការិនី ឆ្លើយតបវិញថា «ពួកខ្ញុំទេដែលស្លាប់មុនគេ ហើយបើពួកខ្ញុំស្លាប់ លោក (សម រង្ស៊ី) ក៏ត្រូវមកស្លាប់ជាមួយពួកខ្ញុំដែរ»។
ចំពោះសំណើសុំសហភាពអឺរ៉ុបបិទទីផ្សារសម្លៀកបំពាក់កម្ពុជា លោក សម រង្ស៊ី ព្យាយាមការពារកំហុសខ្លួនឯង តាមរយៈការដាក់ជម្រើស និងទម្លាក់ការទទួលខុសត្រូវលើមេដឹកនាំប្រទេស ចំពោះទង្វើនេះត្រូវបានមហាជន និងកម្មករលើកឡើងថា «រនាបបាក់ អាចយករនាបជួស ប៉ុន្តែសំដីហួស មិនអាចជួសវិញបានទេ ព្រោះលោកបានស្នើទៅកាន់សហភាពអឺរ៉ុបរួចហើយ ដើម្បីឲ្យគេផ្តាច់ការងារពីពួកយើងខ្ញុំ, មានន័យថា ចង់សម្លាប់ពួកយើងខ្ញុំ»។
បច្ចុប្បន្នកម្មករនិយោជិកជាង៧០ម៉ឺននាក់ កំពុងទទួលបាននូវផលកម្រៃដោយផ្ទាល់ និងមានប្រជាពលរដ្ឋជាង២លាននាក់ កំពុងទទួលបានដោយប្រយោលពីវិស័យនេះ ប្រសិនបើសហភាពអឺរ៉ុបបិទការនាំចូលទីផ្សារអឺរ៉ុប ពីការនាំចេញពីកម្ពុជាមែននោះ លោក សម រង្ស៊ី ត្រូវទទួលខុសត្រូវចំពោះកម្មករទាំងស្រុង ព្រោះលោកជាអ្នកប្រព្រឹត្តទង្វើអាក្រក់សម្លាប់ប្រជាពលរដ្ឋខ្លួនឯងបែបនេះ។
លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី១៩ ខែកក្កដា បានសម្តែងការប្រតិកម្មយ៉ាងខ្លាំងចំពោះ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ជុំវិញការផ្តល់គំនិតឱ្យសហគមន៍អឺរ៉ុប បិទទីផ្សារមិនឱ្យមានការនាំចូលទំនិញសម្លៀកបំពាក់ពីប្រទេសកម្ពុជា។ លោកថា ការផ្តួចផ្តើមគំនិតបែបនេះ ពុំមានផលចំណេញសូម្បីបន្តិចដល់ជាតិ និងកម្មករ ហើយលោកជំរុញឱ្យ លោក សម រង្ស៊ី ទទួលខុសត្រូវចំពោះកម្មករ បើសិនជាអឺរ៉ុបធ្វើតាមគំនិតនោះ។
លោក អ៉ិត សំហេង បានថ្លែងយ៉ាងដូច្នេះថា «អ្នកនយោបាយមិនគួរនិយាយបែបនេះទេ។ នេះគឺជាការនិយាយដោយមិនមានការទទួលខុសត្រូវទាល់តែសោះ ចំពោះផលប្រយោជន៍ជាតិ ក៏ដូចជាផលប្រយោជន៍របស់បងប្អូនកម្មកររាប់សិបម៉ឺននាក់»។ លោកបានបន្ថែមថា «ករណីនេះ លោក សម រង្ស៊ី ខ្លួនឯងក៏ដូចជា បក្សពួករបស់គាត់ ត្រូវតែទទួលខុសត្រូវចំពោះបញ្ហានេះ បើសិនជាករណីហ្នឹង កើតឡើងជាយថាហេតុណាមួយ ដោយសារតែគាត់ដាក់សំណើនេះ ទៅសហគមន៍អឺរ៉ុប»។
សូមជំរាបថា ប៉ុន្មានថ្ងៃនេះសហជីពធំៗនៅកម្ពុជាជាច្រើន បានចេញសេចក្តីថ្លែងការណ៍ហៅទ្វើរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិថា ជាមនុស្សអាក្រក់សាហាវ និងមហាពិសពុលដែល មានមហិច្ឆិតាលោភលន់ ចង់បានកៅអីនាយករដ្ឋមន្រ្តី រហូតបានអំពាវនាវដល់សហភាពអឺរ៉ុប (EU) ឲ្យបញ្ឈប់ការនាំចេញសម្លៀកបំពាក់ ចេញពីកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបទៀតផង។
សេចក្តីថ្លែងការណ៍ជាច្រើន ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៨-១៩ ខែកក្កដា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា បងប្អូនកម្មករ-កម្មការិនី មេត្តាពិចារណាឲ្យបានច្បាស់ ចំពោះទង្វើដ៏សាហាវពិសពុលរបស់លោក សម រង្ស៊ី ជាសកម្មភាពសម្លាប់កម្មករ, ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដើម្បីបម្រើផលប្រយោជន៍បុគ្គល និងបក្ខពួកខ្លួនឯង។
សហជីពជាច្រើនទៀត បានចេញសេចក្តីថ្លែងការណ៍មួយដោយស្នើសុំកុំឲ្យសហគមន៍អឺរ៉ុបផ្តាច់កូតានាំចេញសម្លៀកបំពាក់ពីកម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប តាមគោលគំនិតរបស់លោក សម រង្ស៊ី មេបក្សប្រឆាំងនៅកម្ពុជា។
សូមបញ្ជាក់ថា លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានលើកឡើងថា បើសហភាពអឺរ៉ុបបិទទីផ្សារ នាំចេញសម្លៀកបំពាក់ពីកម្ពុជា គឺនៅពេលបើកទីផ្សារវិញ ត្រូវមានភ្ជាប់ជាមួយ នឹងលក្ខខណ្ឌ។ ការបញ្ជាក់របស់លោក សម រង្ស៊ី ធ្វើឡើងតាមរយៈបទអន្តរាគមន៍របស់លោក ជាភាសាបារាំង នៅសភាអឺរ៉ុបកាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅនេះ ហើយបទអន្តរាគមន៍នេះ ត្រូវបានដាក់ផ្សាយក្នុងបណ្តាញសង្គមរបស់លោក កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ រួចត្រូវបានដកស្រង់ ចេញពីវិទ្យុបារាំង RFI។
លោក សម រង្ស៊ី ត្រូវបានប្រជាពលរដ្ឋ កម្មករនិយោជិត ជាច្រើនម៉ឺនសែននាក់ ប្រកាសធ្វើការរិះគន់ថ្កោលទោសយ៉ាងកក្រើក បន្ទាប់ពីលោកបានស្នើឱ្យ សហភាពអឺរ៉ុប អន្តរាគមន៍គាបសង្កត់ បិទការនាំចូលផលិតផលសម្លៀកបំពាក់ ទៅលក់នៅទីផ្សារអឺរ៉ុប៕