(កំពង់ចាម)៖ មន្ត្រីជំនាញជលផល និងអាជ្ញាធរស្រុកស្រីសន្ធរ បានធ្វើការហ៊ុព័ទ្ធកំណត់ដីបឹងរបស់រដ្ឋ បន្ទាប់ពីអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានចាត់បញ្ជាឲ្យលោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកស្រីសន្ធរ ចុះពិនិត្យស្រាវជ្រាវ និងចាត់វិធានការជាបន្ទាន់ ចំពោះជនល្មើស ដែលប្រព្រឹត្តឈូសឆាយប៉ះពាល់លើដីបឹង និងដីរបស់រដ្ឋ ស្ថិតនៅចំណុចបឹងចារ ក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ នាពេលកន្លងទៅ។

អភិបាលរងស្រុកស្រីសន្ធរ លោក ប៊េត វ៉េងឃីម បានឲ្យដឹងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះថា ករណីការឈូសឆាយដីបឹងចារ បន្ទាប់ពីទទួលបានព័ត៌មាននេះ អាជ្ញាធរស្រុកស្រីសន្ធរ បានបង្កើតគណៈកម្មការ ដឹកនាំដោយលោក វៃ គឹមសែ អភិបាលរងស្រុកស្រីសន្ធរ សហការជាមួយមន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះចាត់វិធានការ ហ៊ុព័ទ្ធដីចំណុចកើតហេតុ ទុកជាសម្បត្តិរបស់រដ្ឋ បន្ទាប់ពី ពិនិត្យឃើញថា មានការឈូសឆាយប៉ះពាល់លើដីបឹងរបស់រដ្ឋពិតមែន។ លោកបានបញ្ជាក់ថា ករណីខាងលើនេះ អាជ្ញាធរស្រុក មិនបានចាប់ឃាត់ខ្លួនជនណាម្នាក់នោះទេ។

នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម លោក អ៊ុក ណារិន បានគូសបញ្ជាក់ថា ក្នុងការចុះស្រាវជ្រាវនៅចំណុចកើតហេតុខាងលើ លោកបានពិនិត្យឃើញថា មានការឈូសឆាយប៉ះពាល់លើដីបឹងរបស់រដ្ឋប្រមាណជិត១ហិចតា ដែលជាដែននេសាទរបស់រដ្ឋ។ លោក អ៊ុក ណារិន បានបន្តថា ដីនៅចំណុចក្បែរកន្លែងកើតហេតុ កន្លងមកក៏មានប្រជាពលរដ្ឋអាស្រ័យផលផងដែរ ប៉ុន្តែចំណុចឈូសឆាយ គឺគេបានយកគ្រឿងចក្រទៅឈូសបកដី ប្រមូលព្រៃលិចទឹកទាំងនោះ យកដាក់លើដីស្រែទុក្ខសម្រាប់ធ្វើជី។

លោក អ៊ុក ណារិន បានបន្ថែមទៀតថា ប្រការដែលបុគ្គលបានយកគ្រឿងចក្រ ទៅឈូសឆាយដីព្រៃលិចទឹក ដោយគ្មានការអនុញ្ញាតចំពោះផ្លូវច្បាប់ ចំណុចទី១៖ អាចពិន័យអន្តរការនូវមាត្រា៩៦ ចំណុច៤ ជាប្រាក់ពី ៥លានរៀល ទៅ១០លានរៀល និងចំណុចទី២៖ មាត្រា១០១ ចំណុច១ អាចមានទោសទណ្ឌពី ១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៥លានរៀល និងរឹបអូសវត្ថុតាងទុកជាសម្បត្តិរដ្ឋ។ ក្នុងការចុះស្រាវជ្រាវ ជាច្រើនលើកនៅចំណុចកើតហេតុ សមត្ថកិច្ចមិនបានជួបគ្រឿងចក្រកំពុងធ្វើសកម្មភាពនោះទេ គឺឃើញត្រឹមតែស្លាកស្នាម នៃការឈូសឆាយប៉ុណ្ណោះ។

ដោយឡែក លោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តកំពង់ចាម បានអះអាងថា ជុំវិញករណីឈូសឆាយប៉ះពាល់ដីបឹង នៅស្រុកស្រីសន្ធរ បន្ទាប់ពីអាជ្ញាធរខេត្ត បានទទួលព័ត៌មានភ្លាមៗ តាមរយៈប្រជាពលរដ្ឋនៅលើបណ្ដាញសង្គម គឺរដ្ឋបាលខេត្តបានចាត់ការភ្លាមៗផងដែរ ដោយចាត់តាំងមន្ត្រីជំនាញខាងជលផល សហការជាមួយអាជ្ញាធរដែនដី ចុះពិនិត្យជាក់ស្ដែងលើករណីនេះឃើញថា មានការឈូសឆាយប៉ះពាល់លើដីបឹងរបស់រដ្ឋពិតមែន។ ប៉ុន្តែភ្លាមៗនោះ ក្រុមការងារមិនអាចកំណត់មុខសញ្ញាបាន ដោយសារវាពុំមែនបទល្មើសជាក់ស្ដែង ពោលគឺឃើញត្រឹមតែស្នាមឈូសឆាយ មិនបានឃើញគ្រឿងចក្រនៅទីនោះ។

យ៉ាងណាក៏ដោយ បន្ទាប់មកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តធ្វើការស្រាវជ្រាវរកឃើញមុខសញ្ញា និងបានណែនាំមន្ត្រីជំនាញជលផល កសាងសំណុំឯកសារ ដើម្បីផ្ដន្ទាទោសជនល្មើសទៅតាមផ្លូវច្បាប់៕