(ភ្នំពេញ)៖ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងនិយ័តករបរធនបាលកិច្ច បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជា» ដែលប្រព្រឹត្ដទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។

ពិធីចុះអនុស្សរណៈនេះ បានធ្វើឡើងក្រោមអធិបតីភាព អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា លោក ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។

អ្នកឧកញ៉ា លី ហួរ បានថ្លែងថា អនុស្សរណៈនេះមានគោលបំណងបង្កើតនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាង និយ័តករបរធនបាលកិច្ច និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក្នុងគោលដៅដើម្បីបញ្រ្ជាប និងលើកកម្ពស់ការយល់ដឹងលើវិស័យបរធនបាលកិច្ចនៅប្រទេសកម្ពុជា ក៏ដូចជាការជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចពីសំណាក់សមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលជាធុរជន និងជាក្រុមហ៊ុនអ្នកវិនិយោគក្នុងវិស័យអភិវឌ្ឍន៍សំណង់ បុរី និងលំនៅឋាន ឲ្យមានលទ្ធភាពសមស្របដើម្បីរៀបចំខ្លួនក្នុងការចូលរួមក្នុងទីផ្សារបរធនបាលកិច្ចនៅកម្ពុជា ក៏ដូចជាការពង្រីកការរៀបចំ ការគ្រប់គ្រង និងការអនុវត្តប្រតិបត្តិការរបរធនបាលកិច្ច និងប្រតិបត្តិការពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច ដើម្បីធានាអនុលោមភាពតាមច្បាប់ និងបទបញ្ញាតិដែលកំពុងមានជាធរមាន។

កិច្ចសហប្រតិបត្តិការនាពេលនេះ បានឆ្លុះបញ្ចាំងអំពីសារៈសំខាន់ និងការយកចិត្តទុកយ៉ាងខ្លាំងពីសំណាក់ រាជរដ្ឋាភិបាល តាមរយៈនិយ័តករដែលស្ថិតនៅក្រោម អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្រោមការដឹកនាំរបស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងលោក ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្នុងការជួយជ្រោមជ្រែងដល់វិស័យឯកជន ដើម្បីបង្កើតយន្តការវិនិយោគថ្មីៗ ជាពិសេសការវិនិយោគលើវិស័យអចលនទ្រព្យ តាមរយៈវិស័យ បរធនបាលកិច្ចនេះ។

អ្នកឧកញ៉ា លី ហួរ បានគូសបញ្ជាក់ថា ដោយហេតុថាការអភិវឌ្ឍវិស័យបរធនបាលកិច្ច នៅកម្ពុជា ជារបត់ថ្មីមួយនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា និងកំពុងបោះជំហានជាលំដាប់ដែលធ្វើឲ្យសាធារណៈជន និងវិស័យឯកជនមានការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ខ្លាំងក្នុងការស្វែងយល់ ក៏ដូចជាការចូលរួមក្នុងវិស័យបរធនបាលកិច្ចនេះផងដែរ។ ក្នុងក្រមខណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នឹងសូមចូលរួមជាមួយនិយ័តករបរធនបាលកិច្ចដូចតទៅ៖

*ចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីវិស័យបរធនបាលកិច្ចនៅកម្ពុជា ជាពិសេសឲ្យបានទៅដល់សមាជិក-សមាជិកា និងដៃគូរសហប្រតិបត្តិការរបស់ខ្លួន ពាក់ព័ន្ធទៅនឹងប្រតិបត្តិការបរធនបាលកិច្ច ច្បាប់ និងបទបញ្ញាត្តិជាធរមាន ក៏ដូចជាក្រមសីលធម៌វិជ្ជាជីវៈក្នុងវិស័យបរធនបាលកិច្ច។
*ចូលរួមនិងជំរុញសមាជិករបស់ខ្លួនឲ្យចូលរួមកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ វេទិកា កិច្ចប្រជុំពិភាក្សា ពិគ្រោះ យោបល់ និងព្រឹត្តិការណ៍នានាដែលរៀបចំដោយ ន.ប.ធ តបតាមការអញ្ជើញរបស់ ន.ប.ធ
*ផ្តល់កិច្ចសហប្រតិបត្តិការរៀបចំកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ វេទិកាពិភាក្សា កិច្ចសន្ទនា ឬព្រឹត្តិការណ៍ប្រចាំឆ្នាំលើប្រធានបទជាក់លាក់ណាមួយដែលពាក់ព័ន្ធនឹងវិស័យបរធនបាលកិច្ចក្នុងករណីមានការស្នើសុំពី ន.ប.ធ
*លើកទឹកចិត្ត និងជំរុញសមាជិក និងដៃគូរសហប្រតិបត្តិការរបស់ខ្លួនឲ្យឈ្វេងយល់បន្ថែមអំពីយន្តការប្រតិបត្តិ ការរបរធនបាលកិច្ច ដើម្បីមានលទ្ធភាពសមស្របក្នុងការចូលរួមក្នុងទីផ្សាររបរធនបាលកិច្ចនៅ កម្ពុជា និងទាញយកផលប្រយោជន៍ពីប្រតិបត្តិការរបរធនបាលកិច្ច ក្នុងដំណើរការធុរកិច្ចរបស់ខ្លួនជាពិសេសដើម្បីធានា នូវអនុលោមភាពច្បាប់ និងបទប្បញ្ញត្តិដែលកំពុងមានជាធរមាន
*ជំរុញសមាជិករបស់ខ្លួនឲ្យធ្វើនិយ័តកម្មសកម្មភាពអាជីវកម្មពាក់ព័ន្ធនឹងបរធនបាលកិច្ចដែលមានប្រតិបត្តិការមុនការចូលជាធរមាននៃលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធតាមនីតិវិធីតម្រូវដោយ ន.ប.ធ
*ចូលរួមផ្តល់ធាតុចូលក្នុងក្របខណ្ឌនៃអនុស្សរណៈនេះក្នុងករណីមានការស្នើសុំពី ន.ប.ធ
*ផ្តល់ជូន ន.ប.ធ នូវព័ត៌មានពាក់ព័ន្ធនឹងសមាគម និងសមាជិករបស់សមាគម ដែលមិនមានលក្ខណៈជាការសម្ងាត់អាជីវកម្មជាអាទិ៍ តាមការស្នើសុំរបស់ ន.ប.ធ ។

អ្នកឧកញ៉ា លី ហួរ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានមានវត្តមាននិងបំពេញបេសកកម្មរបស់ខ្លួន ជាង ៨ឆ្នាំមកហើយ និងបច្ចុប្បន្នមានសមាជិកសរុបចំនួន ៧៤ក្រុមហ៊ុន ដែលជាអ្នកវិនិយោគលើវិស័យអភិវឌ្ឍន៍សំណង់ បុរី លំនៅឋាន និងខុនដូរ។

ទោះបីបញ្ហាជំងឺឆ្លងកូវីដ១៩ និងស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ជាច្រើនកំពុងប្រឈមមុខនឹងការធ្លាក់ចុះដោយសារស្ថានភាពសេដ្ឋកិច្ច នៅបណ្តាប្រទេសនៅតំបន់អឺរ៉ុប និងអាមេរិក និងសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែនក្តី សមាគមនៅតែបន្តសកម្មភាពរបស់ខ្លួនយ៉ាងសកម្ម ក្នុងការបម្រើផលប្រយោជន៍រួមសម្រាប់សមាជិក-សមាជិកា និងបានធ្វើកិច្ចសហប្រតិបត្តិការជាមួយ ស្ថាប័នពាក់ព័ន្ធជាច្រើន ទាំងក្របខណ្ឌឯកជន និងក្របខណ្ឌរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និយ័តករទូរគមនាគមន៍កម្ពុជា និយ័តករនៃអង្គភាពអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ អគ្គិសនីកម្ពុជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សាលារាជធានីភ្នំពេញ ក្រុមការងារទី១៣ ផ្នែកសំណង់ និងអចលនទ្រព្យនៃសភាពាណិជ្ជកម្មកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត ក្នុងការសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមជាច្រើនជូនសមាជិក-សមាជិកា ដោយទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ និងមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

«យើងសង្ឃឹមថាវិស័យបរធនបាលកិច្ចនេះ គឺជាវិស័យមួយដែលមានសារៈសំខាន់ និងជាតួអង្គមួយដ៏សំខាន់សម្រាប់ការអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជា និងជួយជំរុញ គាំទ្រដល់វិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរីកចម្រើន»។ អ្នកឧកញ៉ា លី ហួរ បានបញ្ជាក់។

ក្នុងឱកាសនោះ ក្នុងនាមប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា អ្នកឧកញ៉ាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់គ្រប់គ្រង សមាជិក-សមាជិកាសមាគមទាំងអស់ ដែលបានជឿជាក់គាំទ្រសមាគមកន្លងមក ហើយអ្នកឧញ៉ាក៏សង្ឃឹមថាសមាជិក-សមាជិកាទាំងអស់ នៅតែបន្តគាំទ្រសមាគមជារៀងរហូត៕