(ភ្នំពេញ)៖​ ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍ចាត់ទុកការបដិសេធចោលបណ្តឹង របស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ទាក់ទងនឹងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧កន្លងមកនេះ គឺអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមត្ថកិច្ចរបស់ខ្លួន ស្របតាមស្មារតីរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការបោះឆ្នោត។

ក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ក្នុងនាមជាស្ថាប័នកំពូលរបស់ជាតិ ដែលមានសមត្ថកិច្ច ធានាការពារការគោរពរដ្ឋធម្មនុញ្ញ ក្រុមប្រឹក្សាធម្មនុញ្ញ ឈរលើឧត្តមគតិច្បាប់ ក្នុងការអនុវត្តសមត្ថកិច្ចរបស់ខ្លួន ស្របតាមគោលការណ៍ គ្រឹះនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សិទ្ធិមនុស្ស និងនីតិរដ្ឋ។

ក្រុមប្រឹក្សាធម្មនុញ្ញសង្កត់ធ្ងន់ថា «ការសម្រេចលើពាក្យបណ្តឹង ទាក់ទងនឹងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ កន្លងមកនេះ ក្រុមប្រឹក្សាធម្មនុញ្ញអនុវត្ត យ៉ាងខ្ជាប់ខ្ជួននូវសមត្ថកិច្ចរបស់ខ្លួន ស្របតាមស្មារតីរដ្ឋធម្មនុញ្ញ និងច្បាប់ ស្តីពីការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្ត ព្រមទាំងបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា ដែលធានានូវការគោរពគោលការណ៍ ប្រជាធិបតេយ្យ សេរីពហុបក្ស ក្នុងនោះគណបក្សនយោបាយទាំងអស់ ត្រូវបានផ្តល់ឱកាស និងសិទ្ធិ ស្មើៗគ្នាចំពោះមុខច្បាប់ ដោយគ្មានការរើសអើង»

ក្រុមប្រឹក្សាធម្មនុញ្ញបន្ថែមទៀតថា ក្នុងការអនុវត្តរដ្ឋធម្មនុញ្ញជិត ៣០ឆ្នាំកន្លងមក គ្រប់ស្ថាប័នជាតិ និងសមាសភាគសង្គមទូទៅបាន និងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមស្មារតីនៃរដ្ឋធម្មនុញ្ញ ហើយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សិទ្ធិមនុស្សលើគន្លងនីតិរដ្ឋ បាននិងកំពុងចាក់ឫសក្នុងសង្គម ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញ ក្នុងការចូលរួមជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ របស់ប្រទេសជាតិ ក្រោមដំបូលនៃ រដ្ឋធម្មនុញ្ញ និងសុខសន្តិភាព។

សូមជម្រាបថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចបដិសេធចោលបណ្តឹងរបស់បក្សភ្លើង​ទៀន និងបក្សមហាសាមគ្គីជាតិខ្មែរ ជុំវិញការមិនចុះបញ្ជីឈ្មោះចូលរួមបោះ​ឆ្នោត​ជ្រើស​តាំងតំណាងរាស្ត្រពីសំណាក់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ការសម្រេចនេះបានធ្វើឡើងក្រោយបើកកិច្ចប្រជុំ ដឹកនាំដោយលោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម៕