(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យលោកស្រី ធៀន ជីន អភិបាលរងក្រុងឈីចូវ ខេត្តជឺជាំង ប្រទេសចិន និងប្រតិភូចូលជួបសម្តែងការគួសម និងពិភាក្សាការងារ ក្រោយបានពិនិត្យទីតាំងតំបន់សេដ្ឋកិច្ចពិសេស ដេីម្បីបណ្តាក់ទុនវិនិយោគនៅលេីទឹកដីខេត្តស្វាយរៀង។

ក្នុងឱកាសនោះ លោកស្រីបានបញ្ជាក់អំពីទីតាំងស្ថានភាពភូមិសាស្ត្រ និងសក្តានុពលសំខាន់ៗរបស់ក្រុងឈីចូវ ខេត្តជឺជាំង និងបានថ្លែងអំណរគុណចំពោះ អភិបាលខេត្តដែលបានផ្តល់ឱកាសឲ្យលោកស្រី និងប្រតិភូបានចូលជួបសម្តែងការគួសម និងពិភាក្សាការងារពាក់ព័ន្ធដៃគូវិនិយោគនានា ដែលបានមកបណ្តាក់ទុនទៅលេីវិស័យឧស្សាហកម្មបន្ថែម ក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង ក្រុងបាវិត។

លោក ម៉ែន វិបុល បានបញ្ជាក់អំពីទីតាំងភូមិសាស្ត្រ និងសក្កានុពលនានាដែលរដ្ឋបាលខេត្តស្វាយរៀងសម្រេច និងបានសម្ដែងនូវការស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ លោកស្រី និងប្រតិភូ ដែលបានទាក់ទាញមកបណ្ដាក់ទុនវិនិយោគជាបន្តបន្ទាប់នៅក្នុងតំបន់សេដកិច្ចពិសេសរបស់ខេត្តស្វាយរៀង។

ក្នុងនាមរដ្ឋបាលខេត្ត សូមគាំទ្រទាំងស្រុងដោយការសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដៃគូវិនិយោគនៅក្រុងឈីចូវ ប្រទេសចិន ដែលមានចំណាប់អារម្មណ៍ និងមកបណ្តាក់ទុកវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសតាយសេង ក្រុងបាវិត នៅពេលនេះ ជាពិសេសបាននាំមកនូវផលប្រយោជន៍ជាច្រេីនដែលផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋក្នុងខេត្ត និងក្រៅខេត្ត ហើយក៏ជាកិច្ចការសំខាន់ដែលលោកតែងតែយកចិត្តទុកដាក់ទាំងការរក្សាសន្តិសុខ សុវត្ថិភាពជូនដល់ក្រុមហ៊ុនទាំងអស់នោះផងដែរ៕